អ៊ុយក្រែន៖ កាលពីថ្ងៃពុធប្រទេសរុស្ស៊ីបានលើកឡើងថា ខ្លួនបានប្រើអាវុធដ៏មានឥទ្ធិពលឡាស៊ែរជំនាន់ថ្មីក្នុងប្រទេសអ៊ុយក្រែន ដើម្បីបាញ់កម្ទេចយានដ្រូន និងការពង្រាយគ្រឿងសព្វាវុធសំងាត់របស់ក្រុង Moscow ដើម្បីប្រឆាំងនឹងការសម្រុកផ្ដល់អាវុធរបស់លោកខាងលិចឲ្យអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីឆ្នាំ២០១៨ បានបង្ហាញមីស៊ីលបាលីស្ទីកអន្តរទ្វីប យានដ្រូន នុយក្លេអ៊ែរក្រោមទឹក អាវុធល្បឿនលឿនជាងសំឡេង និងអាវុធឡាស៊ែរ។ លោក Yury Borisov ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យោធាបានប្រាប់សន្និសីទនៅទីក្រុង Moscow ថា អាវុធឡាស៊ែរមានឈ្មោះថា Peresvet កំពុងត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ ហើយវាអាចគេចចេញពីការតាមដានដោយផ្កាយរណបរហូតដល់ ១,៥០០គីឡូម៉ែត្រពីលើដី។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រៀបធៀបបែបចំអកពីដំណឹងអាវុធឡាស៊ែរដោយហៅថា ជាអាវុធដ៏អស្ចារ្យដែលក្រុមណាស៊ីសអាល្លឺម៉ង់បានបង្ហាញ ដើម្បីទប់ស្កាត់ការបរាជ័យក្នុងសង្គ្រាមលោកលើកទី២។
លោកបាននិយាយនៅក្នុងសុន្ទរកថាវីដេអូយប់ជ្រៅថា វាកាន់តែច្បាស់ថា អាវុធទាំងនោះមិនមានឱកាសប្រើក្នុងសង្គ្រាមទេ ការឃោសនាកាន់តែច្រើនអំពីអាវុធដ៏អស្ចារ្យដែលនឹងមានឥទ្ធិពលខ្លាំង គ្រាន់តែដើម្បីធានាឲ្យមានចំណុចបត់បែនមួយប៉ុណ្ណោះ។ ដូច្នេះហើយយើងឃើញថា នៅក្នុងខែទី៣ នៃសង្គ្រាមទ្រង់ទ្រាយធំ រុស្ស៊ីកំពុងព្យាយាមស្វែងរកអាវុធអច្ឆរិយរបស់ខ្លួន ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីការបរាជ័យទាំងស្រុង នៃបេសកកម្មវាយប្រហារនេះ។ នៅពេលត្រូវបានសួរថា តើអាវុធប្រភេទនេះមែនទេ ដែលត្រូវបានប្រើនៅក្នុងប្រទេសអ៊ុយក្រែន លោក Borisov បាននិយាយថា មែនហើយ។ អាវុធគំរូដំបូងនោះត្រូវបានប្រើរួចទៅហើយនៅក្នុងប្រទេសអ៊ុយក្រែន។ លោកថា អាវុធជំនាន់ថ្មីនេះមានឈ្មោះថា Zadira៕
អត្ថបទ៖ សុខមាន