តាមរយៈសារលិខិត ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភាពធន់ នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវចំនួន ៨ចំណុចដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនានាដែលកើតមានឡើងនៅកម្ពុជា។
តាមរយៈសារលិខិតសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន និងចីរភាព។ សម្ដេចបានបន្តថា ក្នុងន័យនេះគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ មានតួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការ វិនិយោគភាពវៃឆ្លាត គឺការវិភាជទុន និងធនធានដោយផ្ទាល់ ដើម្បីធ្វើសមាហរណកម្មការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍។
សម្ដេចធិបតីបានថ្លែងថា ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ «ភាពធន់នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» ជាការលើកទឹកចិត្ត ដល់ស្ថាប័ន និងប្រជាជនទាំងអស់រួមគ្នាលើកកម្ពស់តួនាទីរបស់វិស័យឯកជន ក្នុងការកាត់បន្ថយហានិភ័យ ទាក់ទងនឹងលំនៅឋាន និងផ្តល់អំណាចដល់គ្រួសារ ជាពិសេសគ្រួសារដែលប្រឈមមុខនឹងភាពងាយរងគ្រោះខ្ពស់ ការគិតគូរអំពីហានិភ័យដើម្បីការពារខ្លួន និងពង្រឹងភាពធន់របស់សហគមន៍។ ដើម្បីឱ្យការប្តេជ្ញានេះក្លាយជាការពិត សម្ដេចធិបតីបានអំពាវនាវឱ្យ៖
១- លើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹង អំពីគ្រោះមហន្តរាយ។
២- គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹង ធនធានមនុស្សនិងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពី ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឱ្យទទួលបានលទ្ធផលល្អ។
៣- គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍ សមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅតាមវិស័យ។
៤- រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវ លើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅ មូលដ្ឋាននិងត្រូវចុះពិនិត្យតាមដានស្ថានភាពជីវភាព និងកម្រិតងាយរងគ្រោះតាមខ្នងផ្ទះនីមួយៗ ដើម្បី បង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។
៥- ក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាព និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ។
៦- លើកកម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ និងការប្រកាស ឱ្យដឹងមុនពីមុខសញ្ញាគ្រោះថ្នាក់ដល់សាធារណជន និងភាគីពាក់ព័ន្ធដោយត្រៀមខ្លួនជាស្រេចទៅនឹ គ្រោះមហន្តរាយ។
៧- ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងបង្កើនការវិនិយោគសាធារណៈលើភាពធន់នៃលំនៅឋានសម្រាប់ គ្រប់ក្រុមគ្រួសារដែលងាយរងគ្រោះបំផុត រួមទាំងការរៀបចំបណ្តាញសុវត្ថិភាពសង្គមនិងការផ្តល់ជម្រក សុវត្ថិភាពសមរម្យ និងធានាថាអាចទទួលព័ត៌មានអំពីហានិភ័យបានទាន់ពេលវេលា និងគ្រប់សហគមន៍។
៨- សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ក្រុមគ្រួសារទាំងអស់ ចូលរួមពង្រឹងភាពធន់របស់ខ្លួន ដោយត្រូវរៀបចំ “ផែនការសុវត្ថិភាព និងការត្រៀមបម្រុងក្នុងគ្រួសារ” រួមមាន៖ ការរៀបចំកញ្ចប់សម្ភារៈ សង្គ្រោះបន្ទាន់ប្រចាំផ្ទះ (ទឹកស្អាត ស្បៀងស្ងួត ថ្នាំសង្កូវ វិទ្យុ និងឯកសារសំខាន់ៗ) ការត្រួតពិនិត្យពង្រឹង លំនៅឋានឱ្យមានសុវត្ថិភាពពីខ្យល់កន្ត្រាក់និងរន្ទះ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាព កុមារ មនុស្សចាស់ ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ ក្នុងគ្រាមានអាសន្ន”។
តាមរយៈសារលិខិតសម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ផ្នែកឯកជន សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា សហគមន៍ និងបងប្អូនជនរួមជាតិ ទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្ររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកក្នុងគ្រាមានគ្រោះមហន្តរាយកើតឡើងនាពេលកន្លងមក និងបន្តជួយឧបត្ថម្ភគាំទ្រជាមួយកិច្ចសហការល្អតទៅទៀត៕




