ប្រណាំងរថយន្ត៖ Formula One ពិភពលោកបានសំរេចចិត្តមិនជ្រើសរើសប្រទេសផ្សេងទៀត ដើម្បីជំនួសកាលវិភាគប្រកួតរបស់រុស្ស៊ីឡើយនៅក្នុងរដូវកាលនេះ។ F1 បានសំរេចដកសិទ្ធិរៀបចំការប្រកួតរបស់រុស្ស៊ីកាលពីពេលកន្លងមក តាមរយៈសង្គ្រាមនៅទឹកដីអ៊ុយក្រែន។

មួយរយៈចុងក្រោយនេះ F1 បានធ្វើការពិចារណាគ្រោងស្នើកាតាធ្វើជាទីតាំងជំនួស រឺសិង្ហបុរីប្រកួត ២លើកតែម្តងក្នុងមួយរដូវកាល តែក្រោយការពិភាក្សាកន្លងមក F1 បានសំរេចទុកកាលវិភាគរបស់រុស្ស៊ីឱ្យនៅចំហ។ កាតាដែលរៀបចំ F1 លើកដំបូងកាលពីឆ្នាំ២០២១ បានដកខ្លួននៅឆ្នាំនេះបន្ទាប់ពីចុះហត្ថលេខារៀបចំ F1 រយៈពេល ១០ឆ្នាំគិតចាប់ពីឆ្នាំ២០២៣ តទៅ។ ការដកខ្លួនក្នុងឆ្នាំ២០២២ នេះគឺដើម្បីត្រៀមលក្ខណៈសំរាប់ FIFA World Cup 2022 ដែលខ្លួនជាម្ចាស់ផ្ទះ។ F1 ពិភពលោករដូវកាល ២០២២ នេះដំណើរការបាន ៥ទីលានហើយដោយកីឡាករម៉ូណាកូ Charles Leclerc កំពុងនាំមុខគេក្នុងតារាងជើងឯក៕
អត្ថបទ៖នាង សុភាវុធ