ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី២ ជួយឱ្យក្រុម Al Nassr យកឈ្នះក្រុម Neftchi Fergana របស់អ៊ូសបេគីស្ថាន ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ AFC Champions League Elite កាលពីថ្ងៃចន្ទ បន្ទាប់ពីការប្រកួតត្រូវបានពន្យារពេលអស់រយៈពេលមួយម៉ោង ដោយសារបញ្ហាសន្តិសុខ។
ការប្រកួតនេះត្រូវបានពន្យារពេល បន្ទាប់ពីអាជ្ញាធរការពារជនស៊ីវិលអារ៉ាប៊ីសាអូឌីតបានចេញការព្រមានអំពីសុវត្ថិភាព នៅ១៥នាទីមុនពេលការប្រកួតចាប់ផ្ដើមតាមកាលវិភាគក្នុងទីក្រុងរីយ៉ាដ។ តំបន់នេះបានរងការគំរាមកំហែងពីមីស៊ីលដែលបាញ់ចេញពីក្រុមហ៊ូទីនៅប្រទេសយេម៉ែនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។
ទោះបីជាមានការរំខានក៏ដោយ Al Nassr នៅតែអាចបន្តការប្រកួត និងរកគ្រាប់បាល់នាំមុខនៅនាទីទី៣៣ ដោយកីឡាករ Angelo មុនពេល Ronaldo បន្ថែមគ្រាប់ទី២ នៅនាទីទី៤២។
ចូលដល់វគ្គទី២ ក្រុម Neftchi Fergana បានតាមពីក្រោយមួយគ្រាប់វិញដោយ Alisher Odilov នៅនាទីទី៥១ ប៉ុន្តែស្ថានការណ៍កាន់តែលំបាកសម្រាប់ក្រុមភ្ញៀវ បន្ទាប់ពី Ikromjon Alibaev ទទួលបានកាតក្រហមនៅនាទីទី៦៥ ដោយសារបង្កកំហុសលើ Mohamed Simakan។
ក្រោយមក នៅនាទីទី៧៨ កីឡាករ Anvarjon Gofurov បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ដែលជួយឱ្យ Al Nassr បិទបញ្ចប់ការប្រកួតដោយជ័យជម្នះក្នុងលទ្ធផល ៣-១ លើ Neftchi Fergana។
សូមបញ្ជាក់ថានេះ មួយគ្រាប់របស់ Ronaldo នេះគឺជាគ្រាប់បាល់ទី ៩៨១ ហើយ ក្នុងដំណើរឆ្ពោះទៅ ១០០០ គ្រាប់របស់តារាបាល់ទាត់ព័រទុយហ្កាល់រូបនេះ ហើយជាគ្រាប់បាល់ទី ១៣៤ ផងដែរជាមួយ Al-Nassr៕ អត្ថបទ៖នាង សុភាវុធ

