យុវជនបន្តវេន បានបង្ហាញជំហរក្លាហាន និងបេះដូងស្នេហាជាតិ ដោយការស្ម័គ្រចិត្តចូលបម្រើជាតិ តាមរយៈការបំពេញកាតព្វកិច្ចយោធា ដោយមិនគេចវេសឡើយ។
នៅថ្ងៃទី១៣ ខែតុលា នេះ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ការធ្វើដំណើរកម្សាន្តនោះ យុវជនជាច្រើនបានបង្ហាញវត្តមាននៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ស្នើសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។

មូលដ្ឋានកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការទទួលពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធារបស់យុវជន។

ជាក់ស្តែង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ, កម្លាំងមន្ត្រីអាវុធហត្ថ បន្តកិច្ចការងារទទួលពាក្យពីយុវជន យុវនារី ស្ម័គ្រចូលបំពេញកាតព្វកិច្ចយោធា ស្របតាមការជ្រើសរើសរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។

យុវជន យុវនារី បង្ហាញភាពក្លាហាន និងគោលជំហរមិនងាករេ ក្នុងការរួមចំណែកជាមួយវិស័យការពារប្រទេសជាតិ ដោយចាត់ទុកការបំពេញកាតព្វកិច្ចនេះ ជាការពង្រឹងដុះខាត់ និងអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

អាណាព្យាបាលយុវជន ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានបើកឱកាសយ៉ាងទូលាយសម្រាប់កូនៗរបស់គាត់ ក៏ដូចជាយុវជនទូទៅ បានចូលរួមការពារបូរណភាពទឹកដី ឲ្យនៅគង់វង្ស ប្រឆាំងដាច់ខាតពីខ្មាំងសត្រូវឈ្លានពាន ។
គួរបញ្ជាក់ថា ដំណើរការ នៃការទទួលពាក្យ គឺបានចាប់ផ្តើមពីថ្ងៃទី១០មក រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នឹងត្រូវបានបញ្ចប់ទាំងស្រុង សម្រាប់ការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំ២០២៦នេះ៕ អត្ថបទ៖ លីហេង





