សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃពុធថា ចារកម្មអាមេរិកបានលើកឡើងថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលរយៈចម្ងាយឆ្ងាយអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅសប្ដាហ៍នេះ ឬអាចបាញ់អាវុធទាំង ២ប្រភេទនេះតែម្ដង។

សេតវិមានបាននិយាយថា លោក Biden នឹងមិនធ្វើដំណើរទៅកាន់តំបន់គ្មានកងទ័ពខណ្ឌចែកព្រំដែនរវាងកូរ៉េខាងជើង និងខាងត្បូងទេ អំឡុងដំណើរទស្សនកិច្ចរបស់លោកដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រស្អែក។ លោក Sullivan បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា ទីភ្នាក់ងារចារកម្មរបស់យើងបានបង្ហើបពីលទ្ធភាពដែលអាចកើតឡើង ដែលថានឹងអាចមានការបាញ់សាកល្បងមីស៊ីលមួយផ្សេងទៀត រួមទាំងការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ទាំងការសាកល្បងនុយក្លេអ៊ែរ ឬទំនងជាអាចបាញ់សាកល្បងទាំង២ តែម្ដងអំឡុងពេល ឬក្រោយដំណើររបស់លោកប្រធានាធិបតីទៅកាន់តំបន់នោះ។
កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងកំពុងត្រៀមសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប មុនដំណើររបស់លោក Biden ទៅកាន់កូរ៉េខាងត្បូង បើទោះជាមេដឹកនាំកូរ៉េខាងជើងកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលនៃវីរុស COVID-19 ក៏ដោយ៕
អត្ថបទ៖ សុខមាន