ភ្នំពេញ៖ កម្ពុជា-ចិន នឹងបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្ដារ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីបើកឱ្យបានទូលំទូលាយជាងមុន សម្រាប់ទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងក្នុងពិធីបើកវទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ក្រោមប្រធាន បទ "ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់” នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះថា ជុំវិញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នេះ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហការ លើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្ដារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ គឺតាមរយៈ ការបើកឱ្យបានទូលំទូលាយជាងមុន នូវទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់លំហូរវិនិយោគ ដើម្បីអនុញ្ញាតឱ្យកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត។
ក្នុងពិធីនេះដែរ, ឯកឧត្តមបណ្ឌិត តាន់ ម៉ូនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ក្រោយវិបត្តិកូវីដ១៩ ចាប់នៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ នេះ ការនាំចេញរបស់កម្ពុជាបានចាប់ផ្តើមកើនឡើងវិញ ជាក់ស្តែងបន្ទាប់ពីរាជរដ្ឋាភិបាលបានចាក់វ៉ាក់សំាង ក្នុងទំាងអ្នកដាំដុះ និងអ្នកប្រមូលទិញ បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនវិញ។
សម្រាប់ការនាំចេញ កម្ពុជាគឺជាប្រទេសមួយអាចផលិតសម្រាប់ការនាំចេញបាន ខណៈដែលរាជរដ្ឋាភិបាលបានជម្រុញ លើកកម្ពស់ និងគិតគូរគ្រប់ជ្រុងជ្រោយ ដែលជាឱកាសសម្រាប់វិស័យឯកជនហើយ សម្រាប់បង្កើតសក្តានុពលផលិត និងការនាំជេញរបស់ខ្លួន។
សូមបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ ២០២១ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ ១៩៤ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិន បានជាង ១ ៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ៩ ៦៨៤ លានដុល្លារអាមេរិក។
បន្ថែមពីនេះទៀត កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេស ចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មមានដូចជា៖ បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន ០៩ ទីតាំងនៅតាម ទីក្រុងធំៗមួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោ បាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា និងជំរុញការនាំចេញទៅទីផ្សារចិន៕អត្ថបទ៖ សុន រ៉ាឌី