ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ។
នៅក្នុងកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា កិច្ចប្រជុំពិសេសនេះ មានគោលបំណងដើម្បីពិភាក្សានិងផ្តោះប្តូរមតិយោបល់រវាងប្រទេសសមាជិកអាស៊ាននីមួយៗ អំពីបញ្ហាតំបន់ និងសាកលថ្មីៗ ដែលកំពុងជះឥទ្ធិពលដោយផ្ទាល់ ឬប្រយោលមកលើតំបន់អាស៊ាន ជាពិសេសក្នុងអំឡុងពេលដែលអាស៊ានកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅស្របពេលដែលស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ បានថមថយចុះ និងមានការលើកលែងការរឹតត្បិតចំពោះការធ្វើដំណើរនៅតាមបណ្តាប្រទេសអាស៊ាន។
ឯកឧត្តម បន្ថែមថា កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ស្ថានភាពសេដ្ឋកិច្ចសកល, បច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), ការត្រៀមរបស់អាស៊ានសម្រាប់សន្និសីទរដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក,វិធានការនានាផ្នែកបរិស្ថាន និងបម្រែបម្រួលអាកាសធាតុដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម,គំនិតផ្តួចផ្តើមក្នុងទម្រង់ជាគម្រោងអាស៊ាន និងបញ្ហាផ្សេងៗទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាការកត់សម្គាល់ សមាជិកអង្គប្រជុំទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងការពិភាក្សា ទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕អត្ថបទ៖ ឈិតបូរ៉ាវី





