ភ្នំពេញ៖ លោក ឃ្លាំង ហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៩ ឧសភា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបប្រមាណ ១ ៤០០នាក់ នៅក្នុងគម្រោងអ័រគីដេ ដឺប៊ូតានិច ស៊ីធី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងពិធីនេះ លោក ឃ្លាំង ហួត បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្ដេច ប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ដោយយកអាយុជីវិតជាដើមទុន ដើម្បីឯកភាពប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដោយសារនយោបាយឈ្នះៗរបស់សម្តេច។
លោក បានបញ្ជាក់ទៀតថា នៅកម្ពុជាមានសុខសន្តិភាព ហើយឈានទៅរកការបោះឆ្នោត ឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សចំនួន១៦ ចុះបញ្ជីប្រកួតប្រជែង។
លោក សង្ឃឹមថា កម្មករនិយោជិត ដែលកំពុងមានវត្តមានក្នុងពេលនេះ នឹងគៀងគរបងប្អូនកូនក្មួយ និងគ្រួសារក្នុងភូមិ ក្នុងមូលដ្ឋាន ធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងសូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីជារៀងរហូត ព្រោះមានសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី









