ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) ក្នុងខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១ម៉ឺន ៧ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ក្នុងចំណោមនោះ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន ២៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។ ចំណែកគម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៦ពាន់កន្លែង។
ក.អ.ក. បញ្ជាក់ទៀតថា សម្រាប់គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែកញ្ញា រួមមាន គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងផលិត សម្ភារៈវេចខ្ចប់ ដែលមានទីតាំងនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ២៩លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ៩៣៦កន្លែង។
គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួនពីរ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអានុភាព ៣៥០មេហ្គាវ៉ាត់ ជាមួយទុនវិនិយោគប្រមាណ ២២៥លានដុល្លារអាម៉េរិក និងបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋានចំនួន ៨៨កន្លែង និង គម្រោងមួយទៀត មានអានុភាព ៣០មេហ្គាវ៉ាត់ ទុនវិនិយោគប្រមាណ ៣៣លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួន ១២កន្លែង។
ទន្ទឹមនឹងនេះ ក៏គម្រោងវិនិយោគបង្កើតរោងចក្រផលិតកៅស៊ូទ្រនាប់សំបកកង់រថយន្តស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដែលទុនវិនិយោគ ចំនួន ២០លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួន ៦០កន្លែង។
ក.អ.ក. បានកត់សម្គាល់ថា សកម្មភាព វិនិយោគក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នៅតែបន្តផ្តោតសំខាន់លើវិស័យឧស្សាហកម្ម ខណៈវិស័យ កសិកម្មនិងកសិ ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ មាននិន្នាការកើនឡើង។ សញ្ញាណនេះ បង្ហាញពីការបន្តធ្វើពិពិធកម្មសកម្មភាពវិនិយោគនៅកម្ពុជា និងក៏បានបង្ហាញពីការជឿទុកចិត្តពីសំណាក់ វិនិយោគិនលើបរិស្ថានវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ ធូ វិរៈ


