ប៉ៃលិន៖ សហគ្រាសមួយមានទីតាំងនៅក្នុងខេត្តប៉ៃលិន ឈ្មោះពេញហឫទ័យ ប៉ែន បានកែច្នៃនូវ ស្លឹកគ្រៃ និងផ្កាស្លឹកគ្រៃ ធ្វើជាទឹកអប់ តែ និងគ្រឿងសម្អាងមួយចំនួនទៀត ដែលគំនិតច្នៃប្រឌិត នេះ បានជួយបង្កើតនូវការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗផងដែរ ។
លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសពេញហឫទ័យ ប៉ែន លើកឡើងថា សហគ្រាសនេះ បានផលិតនូវផលិតផលចំនួន២ប្រភេទ មានផលិតផលថែទាំសម្រស់ស្បែក និងផលិតផលថែទាំសុខភាព។
លោកបន្តថា សម្រាប់ផលិតផលថែទាំសុខភាព មានទឹកអប់ប្រេងស្លឹកគ្រៃ ដោយទឹកអប់ប្រេងស្លឹកគ្រៃ គឺយកស្លឹកគ្រៃ១តោន អាចចម្រាញ់បានប្រេង២លីត្រ ដែលក្នុងមួយខែៗ សហគ្រាសអាចលក់ប្រេងស្លឹកគ្រៃបាន ២ពាន់ដបតូច ស្មើនឹងស្លឹកគ្រៃ ២០តោន ដែលនេះជាជំហានដំបូង ហើយសហគ្រាសនឹងខិតខំបង្កើនបន្ថែមទៀត ។
លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងផលិតផលថែទាំសុខភាពនេះ មានតែស្លឹកគ្រៃខ្មៅ និងតែផ្កាស្លឹកគ្រៃ ដែលប្រភេទតែទាំងនេះ អាចជួយថែរក្សាសុខភាព និងព្យាបាលជំងឺមួយចំនួន ។
លោក ប៉ែន ប៉ូលី បន្ថែមថា ក្រៅពីការយកស្លឹកគ្រៃធ្វើទឹកអប់ និងតែ សហគ្រាសក៏បានយករមៀត និងពន្លៃធ្វើជាសាប៊ូដុសខ្លួន ឡេជាដើម ហើយការកែច្នៃកសិផលទាំងនេះ ក្នុងគោលបំណងជួយបង្កើតមុខរបរដាំដំណាំប្រភេទថ្មីដល់កសិករ ពិសេសទៀតនោះ បង្ហាញពីផលិតផលបែបបុរាណរបស់ខ្មែរ ដែលពីមុនមកដូនតាយើង បានយកផលកសិកម្មទាំងអស់នេះ ធ្វើជាឱសថ និងគ្រឿងសម្អាងជាដើម ហើយសហគ្រាសបានយកមកបញ្ចូលបច្ចេកទេសថ្មីៗ ទើបបានចេញជាផលិតផលទាំងអស់នេះ ។
ជាមួយគ្នានេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ជួយលើកស្ទួយផលិតផលក្នុងស្រុក ព្រោះបច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកមួយចំនួន ក៏មានគុណភាពល្អ មិនចាញ់ផលិតផលនាំចូលពីខាងក្រៅនោះដែរ ៕អត្ថបទ៖ បាន សុខរិទ្ធ
