កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានរាយការណ៍ករណីថ្មីវីរុសកូរ៉ូណាដែលសង្ស័យចំនួន ២៦០,០០០ករណីបន្ថែមទៀតក្នុងអំឡុងពេលតែមួយថ្ងៃ។ សារព័ត៌មានរបស់គណបក្សពលករដែលកំពុងកាន់អំណាច Rodong Sinmun បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីថ្មីនៃជំងឺគ្រុនក្តៅ ២៦២,២០០ករណី និងស្លាប់ម្នាក់ត្រូវបានបញ្ជាក់រយៈពេលជាង ២៤ម៉ោងរហូតមកត្រឹមម៉ោង ៦ល្ងាចថ្ងៃពុធ។

កូរ៉េខាងជើងបានបញ្ជាក់ពីករណីជំងឺគ្រុនក្តៅចំនួន ២សែនទៅ ៣សែនករណីជាមូលដ្ឋានប្រចាំថ្ងៃ ចាប់តាំងពីការផ្ទុះឡើងវីរុសកូរ៉ូណាដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍មុន។ មនុស្សប្រមាណជិត ២លាននាក់ តាមសេចក្តីរាយការណ៍មានរោគសញ្ញាគ្រុនក្តៅចាប់តាំងពីចុងខែមេសា និងអ្នកស្លាប់កើនឡើងដល់ ៦៣នាក់។ អាជ្ញាធរសុខាភិបាលនិយាយថា មន្ទីរពេទ្យកំពុងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស ដើម្បីដាក់អ្នកជំងឺឲ្យនៅដោយឡែក ប៉ុន្តែមនុស្សកាន់តែច្រើន តាមសេចក្តីរាយកាណ៍កំពុងដាក់ខ្លួនឲ្យនៅដោយឡែក ដោយខ្លួនឯងនៅតាមលំនៅឋាន។ អាជ្ញាធរនិយាយថា អំបិលរាប់ពាន់តោនត្រូវបានបញ្ជូនបន្ទាន់ទៅកាន់រដ្ឋធានីព្យុងយ៉ាង ដើម្បីពន្លឿនការផលិតសម្រាប់ការសម្លាប់មេរោគ។
ទោះជាយ៉ាងណាមានការព្រួយបារម្ភថា មនុស្សកាន់តែច្រើននឹងធ្លាក់ខ្លួនឈឺដោយសារតែប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយ និងកង្វះវ៉ាក់សាំង។ ប្រទេសកូរ៉េខាងជើងកំពុងពន្លឿនការផលិតឱសថ និងការផ្គត់ផ្គង់ឱសថ ខណៈប្រទេសនេះប្រយុទ្ធប្រឆាំងការផ្ទុះឡើងវីរុសកូរ៉ូណា។ ប្រទេសឯកោមួយនេះដែលបានដាក់វិធានការបិទខ្ទប់ទូទាំងប្រទេស ក៏កំពុងបង្កើនការផលិតថ្នាំបុរាណកូរ៉េដែលត្រូវបានប្រើប្រាស់ ដើម្បីបន្ធូរបន្ថយគ្រុនក្តៅ និងឈឺចាប់៕
អត្ថបទ៖ ប៊ុនថន