ជាង ៣ទសវត្សរ៍មកហើយ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត បានទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់។ ទន្ទឹមនឹងនោះ ក៏តែងមានការប្រែប្រួលតួរលេខអ្នកចូលរួម ទៅតាមស្ថានភាពជាក់ស្ដែងផងដែរ ប៉ុន្ដែគណៈកម្មការបានប្ដេជ្ញាខ្ពស់ក្នុងការបន្ដខិតខំពង្រឹងឲ្យបាននូវគុណភាពនៃការរៀបចំ ដើម្បីផ្ដល់ភាពកក់ក្ដៅ និងសុវត្ថិភាពអ្នករត់មកពីជុំវិញពិភពលោក។

នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ស្ដីពីទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៣១ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ឯកឧត្តមបន្ដថា រយៈពេល ៣១ឆ្នាំកន្លងមក គណៈកម្មការរៀបចំបានឆ្លងកាត់ឧបសគ្គជាច្រើន ដោយផ្ដើមពីការរៀបចំដំបូង នៅឆ្នាំ១៩៩៦ មានអ្នកចូលរួមជាង ៦០០នាក់ រហូតមានអ្នករត់កើនឡើងដល់រាប់ម៉ឺននាក់ ប៉ុន្ដែកំណើននេះ មានឡើងមានចុះ មិនកើនឡើងរហូតនោះទេ ជាក់ស្ដែងមុនវិបត្តិកូវីដ-១៩ ព្រឹត្តិការណ៍នេះ បានអ្នកទាញ់អ្នកចូលរួមជាង ១ម៉ឺននាក់ ៣ឆ្នាំជាប់គ្នា។

ប៉ុន្ដែដោយសារវិបត្តិជំងឺរាតត្បាតជាសកលនេះ កំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ ព្រឹត្តិការណ៍នេះ ត្រូវបានផ្អាក ហើយរៀបចំជំនួសវិញដោយយុទ្ធនាការ Virtual Run ឬរត់នៅផ្ទះរៀងៗខ្លួន មុនផ្ដើមរៀបចំឡើងវិញនៅឆ្នាំ២០២២ ដោយមានអ្នកចូលរួមជាង ៧ពាន់នាក់ ហើយកើនឡើងដល់ជាង ១ម៉ឺននាក់ នៅឆ្នាំបន្ទាប់ និងកើនដល់ ១៣,៤១៦នាក់ នៅឆ្នាំ២០២៤ និងបន្ដកើនឡើងជាង ១៦,០០០នាក់ នៅឆ្នាំ២០២៥។
ក្រឡេកមកចាប់អារម្មណ៍ឆ្នាំនេះវិញ បច្ចុប្បន្នគណៈកម្មការបានទទួលអ្នកចុះឈ្មោះប្រមាណ ១២,០០០នាក់ តែសន្ទុះនៃការចុះឈ្មោះនេះ រាងយឺតបន្ដិច បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន សល់ពេលជាង ១ខែអាចមានអ្នកចុះឈ្មោះជាង ១៥,០០០នាក់។ ដំណើរថមថយនៃការចុះឈ្មោះនេះ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន មើលឃើញពីការរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល រួមជាមួយគ្រោះធម្មជាតិក្នុងតំបន់ និងបញ្ហាមួយចំនួនទៀត។
យ៉ាងណាមិញទម្រាំដល់ថ្ងៃរត់ផ្លូវការ ឯកឧត្តមសង្ឃឹមថាថា នឹងមានអ្នកចុះឈ្មោះចូលរួមបន្ថែមទៀត ទោះបីមិនអាចរក្សាតួរលេខអ្នកចូលរួមប្រហាក់ប្រហែលឆ្នាំមុន យ៉ាងច្រើនមានការថយចុះបន្ដិចបន្ដួច ហើយក្នុងនាមគណៈកម្មការរៀបចំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងគុណភាពរៀបចំ ដើម្បីធានាបាននូវសុវត្ថិភាព ផាកសុខភាព និងផ្ដល់ភាពកក់ក្ដៅដល់អ្នករត់ទាំងអស់គ្នា។
ឯកឧត្តម វ៉ាត់ ចំរើន បន្ដទៀតថា ចំពោះគោលបំណងនៃព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំបំផុតប្រចាំឆ្នាំនេះដែរ គឺរក្សានៅដដែល គឺរត់ដើម្បីការងារមនុស្សធម៌ ជាពិសេសជួយជនរងគ្រោះដោយសារគ្រាប់មីន ជួយដល់មន្ទីរពេទ្យកុមារ និងអង្គការមួយចំនួន ព្រមទាំងបំផុសនូវយុទ្ធនាការការពារបរិស្ថានក្នុងតំបន់បេតិកភណ្ឌ និងបំផុសចលនាកីឡាដើម្បីលើកកម្ពស់សុខភាពសាធារណៈដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិជាដើម។
សម្រាប់វិញ្ញាសារត់ គឺមានចំនួន ៤ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ។ ដោយសារការចុះឈ្មោះខិតជិតដល់ថ្ងៃបិទ គណៈកម្មការរៀបចំបានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើន ដើម្បីចូលរួមផ្សព្វផ្សាយអំពីសក្ដានុពល និងកេរ្ដិ៍ឈ្មោះរបស់កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា


