អឺរ៉ុប៖ អង្គការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចលោក Paolo Gentiloni បាននិយាយកាលពីថ្ងៃពុធក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rai News 24 ថា កញ្ចប់ទណ្ឌកម្មទី៦ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនៅតែត្រូវបានរាំងស្ទះ។

លោក Gentiloni បាននិយាយថា "យើងបានអនុម័តកញ្ចប់ទណ្ឌកម្មចំនួន ៥ យ៉ាងឆាប់រហ័ស និងជាឯកច្ឆន្ទ ប៉ុន្តែកញ្ចប់ទី៦ នៅតែត្រូវបានរាំងស្ទះដោយហេតុផលដែលគេបានដឹងលឺស្រាប់។ លោកមានសុទិដ្ឋិនិយមថា នឹងអាចរកបានការសម្របសម្រួលណាមួយ។ លោកបានពន្យល់ថា រដ្ឋាភិបាលហុងគ្រីមិនជំទាស់គោលការណ៍នៃការដាក់ទណ្ឌកម្មថាមពលនោះទេ ប៉ុន្តែបានគូសបញ្ជាក់ពីការលំបាករបស់ប្រទេសនេះ ទាក់ទងនឹងទីតាំងភូមិសាស្ត្រជាក់លាក់ និងគំរូផ្គត់ផ្គង់ថាមពល។
តំណាងអចិន្ត្រៃយ៍នៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប មិនទាន់អាចឈានដល់កិច្ចព្រមព្រៀងស្តីពីកញ្ចប់ទណ្ឌកម្មទី៦ ប្រឆាំងនឹងរុស្ស៊ី ដែលរួមមានសេចក្តីព្រាងការហាមប្រាមការនាំចូលប្រេងនៅឡើយទេ ហើយគណៈកម្មការអឺរ៉ុបបានស្នើឲ្យហាមឃាត់ការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ីរយៈពេល ៦ខែបន្ទាប់ពីកញ្ចប់ទី៦ នឹងចូលជាធរមានហើយនោះ និងលើផលិតផលប្រេងចាប់ពីឆ្នាំ២០២៣។ ជាមួយគ្នានេះ គណៈកម្មការអឺរ៉ុបបានស្នើឲ្យអនុញ្ញាតឲ្យហុងគ្រី និងស្លូវ៉ាគីទិញប្រេងពីរុស្ស៊ីរហូតដល់ដំណាច់ឆ្នាំ២០២៤៕
អត្ថបទ៖ សុខមាន