ក្រុមយុវជនស្ម័គ្រចិត្តចូលកាតព្វកិច្ចយោធា បានបង្ហាញជំហរប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តការពារអធិបតេយ្យភាពជាតិ ដោយហ៊ានពលីសូម្បីអាយុជីវិត ប្រសិនមានខ្មាំងឈ្លានពាន ។

ក្រោមការអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការអាវុធហត្ថខណ្ឌ កម្លាំងមន្ត្រីអាវុធ នៅបន្តការយកចិត្តទុកដាក់ជាមួយការទទួលពាក្យពីយុវជនស្ម័គ្រចិត្ត ដែលគិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ មានយុវជន យុវនារីជាច្រើន បានបន្តយកពាក្យទៅដាក់ជូនមន្ត្រីអាវុធហត្ថវិញ ។
ក្រុមយុវជន បានបង្ហាញទឹកចិត្តប្តូរផ្តាច់ ប្រកបដោយស្មារតីមុតស្រួច និងឆន្ទះមុតមាំ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ក្នុងករណីមានខ្មាំងសត្រូវ ឬរដ្ឋបរទេសណាមួយចង់ឈ្លានពានប្រទេសជាតិ។
ការប្តេជ្ញាចិត្តខ្ពស់របស់យុវជន ធ្វើឡើង គ្រាដែលពួកគេបាននាំគ្នាយកពាក្យស្នើសុំចូលកាតព្វកិច្ចយោធា ទៅផ្តល់ជូនមន្ត្រីកងរាជអាវុធហត្ថថ្នាក់មូលដ្ឋានវិញ ដើម្បីបន្តនីតិវិធី ក្នុងការចូលកាតព្វកិច្ចយោធា សម្រាប់ក្របខណ្ឌឆ្នាំ២០២៦នេះ។
យុវជន ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានបើកឱកាសសម្រាប់ពួកគេបានចូលរួមចំណែកជាមួយវិស័យការពារជាតិ និងបានចាត់ទុក ការចូលហ្វឹកហាត់កាតព្វកិច្ច២ឆ្នាំ ជាការដុះខាត់ ពង្រឹងសមត្ថភាព កាយសម្បទា និងបានត្រៀមខ្លួន និងលក្ខណៈពេញលេញជាស្រេច ដើម្បីការពារប្រទេស ក្នុងកាលៈទេសៈដែលប្រទេសជាតិធ្លាក់ក្នុងការឈ្លានពានពីរដ្ឋបរទេសណាមួយនោះ ។
គួរជម្រាបថា ការទទួលពាក្យនឹងត្រូវធ្វើឡើងដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ហើយបច្ចុប្បន្ននេះ រាល់យុវជន យុវនារីស្ម័គ្រចិត្តទាំងអស់ដែលឋិតក្នុងវ័យត្រូវបំបេញកាតព្វកិច្ចយោធា ក៏សុំចូលកាតព្វកិច្ច តាមរយៈការស្នើបំពេញពាក្យតាមប្រព័ន្ធអនឡាញបានផងដែរ តាមរយៈគេហទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ( គ.ក.យ ) ៕ លីហេង










