ស្ទឹងត្រែង៖ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ស្ទឹងត្រែងថ្មី គឹលោកស្រី ញ៉ែម សុម៉ាលី ជំនួសលោក នូ សុវណ្ណតារ៉ា អតីតប្រធានមន្ទីររ៉ែ និងថាមពល ដែលបានទទួលមរណភាព។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានមានប្រសាសន៍ថា ការតែតាំងឬចូលកាន់មុខតំណែងរបស់ប្រធានមន្ទីររ៉ែ និងថាមពលថ្មី របស់ខេត្តស្ទឹងត្រែងនាពេលនេះ មិនមែនធ្វើឡើងដោយតាមរយៈខ្សែស្រឡាយ ឬបក្សនិយមនោះឡើយ។ការតែងតាំងប្រធានមន្ទីរថ្មីធ្វើឡើងដោយមានការវាយតម្លៃសមត្ថភាពការងារពីថ្នាក់ ដឹកនាំខេត្ត និងក្រសួងរ៉ែនិងថាមពលជាមុន។
ឯករដ្ឋមន្រ្តី បន្តថា តាមរយៈការតែងតាំស្ត្រីជាប្រធានមន្ទីរនេះ សរបញ្ជាក់ឱ្យឃើញនូវការលើក ទឹកចិត្តដល់ស្ត្រីក្នុងការចូលរួមក្នុងតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្តស្របតាមមុំទី៤ នៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ជាពិសេសការពង្រឹងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការ អភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលសង្ឃឹមយ៉ាងមុតមាំថា លោកស្រីប្រធានមន្ទីររ៉ែ និង ថាមពលខេត្តស្ទឹងត្រែង ដែលទើបទទួលបានការតែងតាំងថ្មី នឹងខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទីភារកិច្ច របស់ខ្លួនឲ្យទទួលបានជោគជ័យ ដើម្បីចូលរួមធ្វើឲ្យសម្រេចនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ របស់រដ្ឋសភាព្រមទាំងចក្ខុវិស័យ និងគោលដៅនៃការអភិវឌ្ឍវិស័យរ៉ែ និងថាមពលរបស់ក្រសួងរ៉ែ និងថាមពល និងគោលដៅអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ជាក់ជាពុំខាន។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ដែលបានចូលរួមក្នុងពិធីតែងតាំងនេះ បានវាយតម្លៃខ្ពស់ចំពោះលោកស្រី ញ៉ែម សុម៉ាលី ដែលបានបម្រើការងារនៅក្នុងមន្ទីររ៉ែ និង ថាមពលខេត្តស្ទឹងត្រែង អស់ជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតមន្ទីរដំបូងដែលមានចំនួនមន្ត្រី តិចតួច និងជួបការលំបាកជាច្រើន ដោយលោកស្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការទទួលខុសត្រូវលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន៕ អត្ថបទ៖ មាស ផល្លា