ក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមភ្ញៀវ Shanghai Shenhua FC របស់ចិន បន្ទាប់ពីប្រកួតស្មើគ្នា ០-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ពូលG កាលពីរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រោយចប់ការប្រកួតលោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានមើលឃើញពីចំណុចវិជ្ជមានរបស់ក្រុម តែមិនសប្បាយចិត្តនឹងលទ្ធផល ស្របពេលគ្រូបង្វឹកក្រុមខ្លាំងចិន លោក Vladan Milojevic ហាក់រីករាយនឹងការតស៊ូរបស់កូនក្រុម ទោះបីលោកមិនសូវសប្បាយចិត្តជាមួយបញ្ហាមួយចំនួនក្ដី។
ជាមួយជំនួបដ៏តានតឹងនេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានព្យាយាមដាក់សម្ពាធ និងបង្កើតឱកាសស៊ុតជាច្រើន បើធៀបនឹងក្រុមភ្ញៀវ តែមិនអាចទម្លាយរបាំងការពាររបស់ក្រុម Shanghai Shenhua FC បានឡើយ ទោះបីមានឱកាសខ្លះ កីឡាកររបស់ម្ចាស់ផ្ទះស្ទើរស៊ុត ឬតែតបញ្ចូលទីក៏ដោយ។ រីឯក្រុមភ្ញៀវក៏មានឱកាសមុតស្រួចដូចគ្នា តែត្រូវបានជួយសង្គ្រោះដោយ វីរៈ ដារ៉ា។
លោក Matthew McConkey បានលើកឡើងថា កូនក្រុមរបស់ខ្លួនធ្វើបានល្អច្រើន បើធៀបនឹងប្រកួតមុន ពិសេសវគ្គទី២ ដែលព្រះខ័នរាជ បានគ្រប់គ្រងបាល់ច្រើន គ្រាន់តែខ្វះសំណាងក្នុងការបញ្ចប់ទី ដោយសារកាលៈទេសៈមួយចំនួន។ យ៉ាងណាលោកនៅតែមិនសប្បាយចិត្តចំពោះលទ្ធផលស្មើនេះឡើង ព្រោះលោកមើលឃើញក្រុមសមនឹងទទួលបាន ៣ពិន្ទុ។
ដោយឡែកលោក Vladan Milojevic ថា ក្រុមពិតជាមានការខំប្រឹង និងតស៊ូខ្លាំងក្នុងការប្រកួតនេះ ទោះបីលទ្ធផលមិនសមប្រកប ហើយលោកថែមទាំងបន្ទោសលើបញ្ហាស្មៅ រួមជាមួយអាកាសធាតុ និងការមិនអនុញ្ញាតឲ្យមានការសម្រាកទទួលទានទឹក នៅពាក់កណ្ដាលលវគ្គនីមួយៗជាដើម។
បន្ទាប់ពីរកបាន ១ពិន្ទុដំបូង បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ឈរលេខរៀងទី៣ បណ្ដោះអាសន្នក្នុងពូលG គ្រាដែលក្រុម Shanghai Shenhua FC បន្ដឈរលេខ២ រកបាន ៤ពិន្ទុ តាមពីក្រោយក្រុម Machida Zelvia របស់ជប៉ុន ដែលរកបាន ៦ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម Tampines Rovers របស់សិង្ហបុរី ១-០ នៅរាត្រីថ្ងៃព្រហស្បតិ៍ជាមួយគ្នា៕ អត្ថបទ លី ឈុនឡា






