ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាកការប្រកួត ៣សប្ដាហ៍ កំឡុងពេល FIFA Day និងពិធីបុណ្យភ្ជុំបិណ្ឌ។

សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី៤ ក្នុងការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជានេះ សុទ្ធសឹងជាគូជក់ចិត្ត ពិសេសក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង ដែលត្រូវធ្វើការងារធ្ងន់ ត្រូវជួបក្រុមខ្លាំងបឹងកេត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅកីឡដ្ឋានស្វាយរៀង។
ព្រះខ័នរាជស្វាយរៀង ទើបបញ្ចប់ភារកិច្ចប្រកួតពានរង្វាន់អន្ដរជាតិចំនួន ២ គឺប្រកួតក្រៅដីទល់ក្រុម Johor Darul Ta'zim របស់ម៉ាឡេស៊ី ក្នុងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងការប្រកួតថ្មីៗ ស្មើក្រុម Shanghai Shenhua FC របស់ចិន ក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ផ្ទុយពីបឹងកេត ដែលសម្រាករហូត ក្រោយចាញ់វិសាខា ក្នុងលីគសប្ដាហ៍ទី៣។
ទោះបីព្រះខ័នរាជស្វាយរៀង មមាញឹកជាមួយការប្រកួតច្រើន ស្របពេលបឹងកេត កំពុងត្រៀមខ្លួនយ៉ាងល្អក្នុងការប្រកួតលីគរដូវកាលថ្មី ជំនួបរវាងក្រុមទាំងពីរ នាចុងសប្ដាហ៍នេះ នៅតែត្រូវបានចាត់ទុកជាការប្រកួតដ៏ធំ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួត ៤គូផ្សេងទៀត រួមមាននៅថ្ងៃទី១៧ ខែតុលាស្អែក គឺក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមកំពូលតារាងមិនទាន់ស្គាល់ចាញ់ វិសាខា និងណាហ្គាវើលដ៏ ត្រូវជួបក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា ។ ចំណែកនៅថ្ងៃទី១៨ ខែតុលា នឹងមាន ២គូផ្សេងទៀត ក្រៅពីព្រះខ័នរាជស្វាយរៀង ជួបបឹងកេត គឺមានក្រុមអង្គរថាយហ្គឺរ ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ដែលទើបយកឈ្នះក្រុម Gangwon FC របស់កូរ៉េខាងត្បូង ក្នុងពានរង្វាន់ AFC Champions League Two 2026/27 នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ៕ អត្ថបទ លី ឈុនឡា
