អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា នៅគ្រប់វេទិកាអន្តរជាតិ មិនថានៅទីណាឬពេលវេលាណាឡើយ បញ្ហាព្រំដែនកម្ពុជាថៃគឺជារបៀបវារៈដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានដំណោះស្រាយពិតប្រាកដ តាមរយៈគណៈកម្មការ JBC ដែលជាយន្តការគន្លឹះ ដោយផ្អែលលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ជាអន្តរជាតិ។

ជាក់ស្ដែងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាស ចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានបន្តលាតត្រដាងការពិតអំពីសកម្មភាពឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់យោធាថៃដែលមិនគោរពព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ជាពិសេសមិនគោរពច្បាប់អន្តរជាតិ។
សម្ដេចធិបតីបានថ្លែងថា នៅក្នុងបរិបទនេះគោលការណ៍នានាដែលបានបញ្ជាក់ឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងបាគូ រួមមាន៖ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ ប៉ុន្តែ គឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់សន្តិភាពនិងស្ថិរភាព។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា គោលការណ៍ទាំងនេះត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់រដ្ឋទាំងអស់។

សម្តេចធិបតីបានគូសរំលេចថា បទពិសោធន៍ថ្មីៗនេះរបស់កម្ពុជាផ្ទាល់ បានពង្រឹងការជឿជាក់របស់យើងថា សន្តិភាពមិនមែនជាអ្វីដែលបានមកដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានាត្រូវតែដោះស្រាយដោយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែង (fait accomplis) នោះឡើយ។ សម្តេចធិបតីសង្កត់ធ្ងន់ថា បទឈប់បាញ់រវាងកម្ពុជានិងថៃ នៅតែបន្តគោរពបាន ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ហើយបញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមពៀងដែលមានជាធរមាន នៅមិនទាន់ដោះស្រាយនៅឡើយ។

សម្តេចធិបតីបន្តថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជាជនប្រមាណ២ ម៉ឺននាក់ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។
ទោះបីជាស្ថានភាពនេះនៅតែមានភាពស្មុគស្មាញក៏ដោយ ក៏សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«យើងជឿជាក់ថា ការសន្ទនា ការកាត់បន្ថយភាពតានតឹង ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេស ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្ដែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយយុត្តិធម៌ ស្ថិតស្ថិរ និងការចូលរួមជាមួយគ្នាដោយសន្តិវិធី ហើយនេះគឺជាស្មារតីនៃការសន្ទនា ការកសាងទំនុកចិត្ត និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី ដែលCICA ខិតខំជំរុញឲ្យមាននៅទូទាំងទ្វីបរបស់យើង»។
នៅក្នុងបរិបទដ៏ទូលំទូលាយនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបន្តថា សន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)បានសម្រេចនូវវឌ្ឍនភាពគួរឲ្យកោតសរសើរក្នុងការលើកកម្ពស់សារៈសំខាន់ និងការរួមចំណែករបស់ខ្លួន ក្នុងនាមជាវេទិកាសម្រាប់តំបន់អាស៊ីទាំងមូល សម្រាប់ការសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តដោយផ្អែកលើការសម្រេចជាឯកច្ឆ័ន្ទ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនជនរួមជាតិជ្រាបថា ក្រោមអភិក្រម ការការពារអធិបេត្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់ខ្លួន រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនដែលភ្លេចសូម្បីមួយវិនាទីណាឡើយនូវការទាមទារទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកទាំងអស់វិលត្រឡប់ទៅផ្ទះម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ គឺក្នុងន័យនេះហើយ ដែលនៅគ្រប់វេទិកាអន្តរជាតិ មិនថានៅទីណាឬពេលវេលាណាឡើយ បញ្ហាព្រំដែនកម្ពុជាថៃគឺជារបៀបវារៈដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានដំណោះស្រាយពិតប្រាកដ តាមរយៈគណៈកម្មការ JBC ដែលជាយន្តការគន្លឹះ ដោយផ្អែលលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ជាអន្តរជាតិ៕
