ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាគីទាំងអស់មិនគួរបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមនោះទេ ខណៈដែលពិភពលោកទាំងមូលកំពុងជួបបញ្ហាស្មុគស្មាញជាច្រើនមានការប្រែប្រួល និងមិនច្បាស់លាស់ជាដើមនោះ។
ថ្លែងនៅក្នុង «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក(BRICS)» ក្រោមមូលបទ«សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង»នាថ្ងៃទី១៩ ខែឧសភា ឆ្នាំណ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា« នៅក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញនេះ, យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើយើងពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេរដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានានោះ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យពិភពលោកទាំងមូលគប្បីយកចិត្តទុក ដាក់ឲ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នា ប្រសើជាងការប្រឈម មុខដាក់គ្នា។
តាមរយៈវេទិកានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដែលមានមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទំាងអស់គ្នា” រួមជាមួយនឹងបណ្តាប្រទេសសមាជិកជាអាស៊ានផ្សេងទៀតខិតប្រឹងប្រែង ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីកសាងអនាគតភ្លឺស្វាងជាងមុនសម្រាប់អាស៊ី និងពិភពលោក។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា កម្ពុជាក៏ដូចជាអាស៊ាននឹងបង្កើនការខិតខំប្រឹងប្រែងឱ្យបានទ្វេដងលើការពង្រឹងនូវភាពជាកណ្តាល និងភាពធន់របស់អាស៊ាន ។
សម្តេចបានបន្ថែមថា «យើងក៏កំពុងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលយើងបានព្រមព្រៀងគ្នា រួមមាន ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវ័ន្ត និងឌីជីថល, សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន»៕
អត្ថបទ ៖ បាន ចក់
