គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមសន្និសីទពិភពលោកស្ដីពីការអភិវឌ្ឍការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី ដែលផ្ដោតលើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈស្ដីពីក្របខណ្ឌស្ដង់ដាអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក «កិច្ចព្រមព្រៀងប៉េកាំង» (Beijing Agreement) ដើម្បីលើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃ TVET ឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងការអភិវឌ្ឍកម្លាំងពលកម្មមានជំនាញ។

ក្នុងសុន្ទរកថាគន្លឹះក្រោមមូលបទ «ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ៖ រួមគ្នាទទួលយកការផ្លាស់ប្ដូរ រួមគ្នាកសាងស្ដង់ដា រួមគ្នាបង្កើតអនាគត» ឯកឧត្តមបណ្ឌិត អ៊ុង បូរាត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពីការផ្លាស់ប្ដូរបទពិសោធ និងការបណ្ដុះបណ្ដាលតាមបែបប្រពៃណី ទៅជាការកសាងប្រព័ន្ធអភិវឌ្ឍជំនាញដែលមានទំនាក់ទំនងគ្នា ដោយមានការចូលរួមពីរដ្ឋាភិបាល គ្រឹះស្ថានបណ្ដុះបណ្ដាល វិស័យឯកជន និងដៃគូអភិវឌ្ឍ។

ឯកឧត្តមបានលើកឡើងពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន រួមមាន៖
១. ការធ្វើទំនើបកម្ម TVET តាមរយៈការបញ្ចូលជំនាញឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗក្នុងការបណ្ដុះបណ្ដាល
២. ការអភិវឌ្ឍជំនាញបៃតង និងជំនាញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
៣. ការពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថាន TVET និងវិស័យឯកជន ដើម្បីធានាថាកម្មវិធីបណ្ដុះបណ្ដាលឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងជំរុញការរៀននៅកន្លែងការងារ
៤. ការលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត តាមរយៈការបង្កើនជំនាញ និងការអភិវឌ្ឍជំនាញថ្មីៗ ដើម្បីឱ្យកម្លាំងពលកម្មអាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនៃទីផ្សារការងារ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗ រួមមាន ភាពមិនស៊ីគ្នារវាងជំនាញ និងតម្រូវការការងារ ការទទួលស្គាល់គុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈ ភាពខុសគ្នានៃសមត្ថភាពស្ថាប័ន និងការចូលរួមមិនទាន់ស្មើគ្នារបស់វិស័យឯកជន។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងតំបន់គួរផ្ដោតលើលទ្ធផលជាក់ស្ដែង ការពង្រឹងភាពតភ្ជាប់រវាងប្រព័ន្ធបណ្ដុះបណ្ដាល និងការទទួលស្គាល់ជំនាញរវាងប្រទេស ព្រមទាំងការពង្រីកឱកាសការងារ និងការលើកកម្ពស់សមធម៌ និងបរិយាបន្ន។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាបានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលការចុះហត្ថលេខានេះបង្ហាញពីការបន្តពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរចំណេះដឹង បទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងគាំទ្រការអភិវឌ្ឍជំនាញ និងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
ការចូលរួមក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី និងពិធីចុះ MoU នេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងគុណភាព TVET និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយផ្ដោតលើការអភិវឌ្ឍជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ការបង្កើតឱកាសការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕



