ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង អភិបាលខណ្ឌបឹងកេងកង បានធ្វើការជំរុញណែនាំ អាជ្ញាធរសមត្ថកិច្ចខិតខំលុបបំបាត់ឲ្យអស់គ្រប់បទល្មើស ។
កាលពីសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌបឹងកេងកង ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោក សុខ សម្បត្តិ បានណែនាំទៅដល់សមត្ថកិច្ខ អាជ្ញាធរសង្កាត់ទាំង ៧ ត្រូវសហការគ្នាលុបបំបាត់ឲ្យអស់គ្រប់បទល្មើស ជាពិសេស ការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។
លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក៏បានជំរុញណែនាំក្រុមការងារបន្តសហការគ្នាបន្ថែមទៀត ដើម្បីលុបបំបាត់បង្ក្រាបឲ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) ។ ត្រូវត្រួតពិនិត្យ ស្រង់ស្ថិតិជនបរទេសគ្រប់សញ្ជាតិដែលរស់នៅតាមទីតាំងនានានៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដោយសហការជាមួយម្ចាស់ទីតាំងនីមួយៗ តាមដានកាមេរ៉ាសុវត្ថិភាព ។
លោក សុខ សម្បត្តិ បន្ថែមថា ដើម្បីបង្ការបញ្ហានេះ នៅតាមមូលដ្ឋាននីមួយៗត្រូវចូលរួមផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អ.ន.ក្រ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្តីពី ការពង្រឹងការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសគ្រប់សញ្ជាតិ ដើម្បីងាយស្រួលគ្រប់គ្រង ។ បញ្ហាក្រុមក្មេងទំនើង បញ្ហាគ្រឿងញៀន ជនអាណាថា ក៏ដូចជា បទល្មើសគ្រប់ប្រភេទ ត្រូវសហការគ្នាលុបបំបាត់ឲ្យអស់ ។ ក្រៅពីនោះការរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយ អនាម័យ បរិស្ថាន និងបញ្ហាផ្លូវខូច ជង្ហុកសំបុកមាន់ បញ្ហាបែកលូ ក៏គួរតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីសោភ័ណ្ឌភាព របៀបរៀបរយល្អនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ។ សូមបន្ដកិច្ចការទាំងឡាយដែលយើងកំពុងអនុវត្ដនេះឲ្យបានជោគជ័យ ដើម្បីសន្ដិសុខ រាជធានីភ្នំពេញ និង ជាកិត្តិយសប្រទេសកម្ពុជា ។
ឆ្លៀតនាឱកាសនោះលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក៏បានថ្លែងការកោតសរសើរ អាជ្ញាធរ សមត្ថកិច្ច ទាំង កម្លាំងអាវុធហត្ថ កម្លាំងនគរបាល ដែលបានខិតខំថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ចាប់តាំងពីកំឡុងពិធីបុណ្យកាន់បិណ្ឌ និង ពិធីភ្ជុំបិណ្ឌ ត្រូវបានបញ្ចប់ ៕ អត្ថបទ ៖ តារាវុទ្ធី


