ក្រុមយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា បានប្តេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនដើម្បីក្លាយជាអ្នកបន្តវេនដែលមានសមត្ថភាពការពារជាតិ។

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ ជាថ្ងៃបញ្ចប់ នៃការទទួលពាក្យស្នើសុំចូលកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ប្រជាពលរដ្ឋខ្មែរទាំង០២ភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ដែលបានបំពេញពាក្យស្នើសុំដោយផ្ទាល់ក្តី តាមរយៈប្រព័ន្ធអនឡាញក្តី បានរូតរះយកពាក្យទៅដាក់នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ដទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។
ជាក់ស្តែងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ ក្រុមមន្ត្រីអាវុធហត្ថនៅបន្តយកចិត្តទុកដាក់ក្នុងការទទួលពាក្យ ក៏ដូចជាការផ្តល់ព័ត៌មានទៅកាន់យុវជន យុវនារីគ្រប់អាយុ ដែលចង់ដឹងលម្អិតពីនីតិវិធីបំពេញកាតព្វកិច្ចយោធាជាដើម ។

ក្រុមយុវជន ដែលបានយកពាក្យទៅដាក់ជូនមន្ត្រីកងរាជអាវុធហត្ថខណ្ឌដង្កោ បានបង្ហាញពីជំហរយ៉ាងមុតមាំបំផុត ក្នុងការត្រៀមខ្លួនដើម្បីការពារប្រទេសជាតិ ដោយប្តេជ្ញាខិតខំហ្វឹងហាត់ ពង្រឹងសមត្ថភាពឲ្យបានខ្លាំង ដើម្បីក្លាយជាយុវជនបន្តវេន និងជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិ ដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានពីសំណាក់រដ្ឋបរទេសដទៃ ។

ស្រដៀងគ្នានឹងគោលជំហររបស់ក្រុមយុវជនខាងលើ ក្រុមយុវតី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលដែលបានបើកឱកាសសម្រាប់នារី ជាគោលការណ៍ស្ម័គ្រ អាចរួមចំណែកជាមួយវិស័យការពារប្រទេសជាតិ ទោះបីនារីជាភេទទន់ខ្សោយ តែនារីមិនមែនជាមនុស្សទន់ជ្រាយនោះឡើយ នារីក៏អាចមានសមត្ថភាព និងសំណេះដឹងដូច ឬខ្លាំងជាបុរសក៏ថាបាន ពិសេសការដែលបានជួយការពារអធិបតេយ្យភាពជាតិ មិនឲ្យបាត់បង់ ។
គួរជម្រាបថា ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ រាល់យុវជន យុវនារីស្ម័គ្រចិត្តទាំងអស់ដែលបានបំពេញពាក្យរួចរាល់ សូមរួសរាន់យកពាក្យទៅដាក់ជូនកងរាជអាវុធហត្ថឲ្យបានទាន់ពេលផងដែរ ដើម្បីបន្តនីតិវិធី ក្នុងការជាប់កាតព្វកិច្ច៕ អត្ថបទ ៖ លីហេង


