ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះរូបភាពមួយសន្លឹករួមនឹងខ្លឹមសារដែលបង្ហាញពីកាយវិការគោរពចាស់ទុំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីរំលេចថា ពិតណាស់ សម្តេចតំណាងប្រជាជាតិយើងដោយមោទនភាព ប៉ុន្តែកាយវិការនេះលើសពីតួនាទីផ្លូវការ គឺបានបង្ហាញពីភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំ ដែលបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរដ៏ប្រពៃ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្តទៀតថា នេះ គឺជាទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏ជាអ្វីដែលពុកម៉ែបានអប់រំតាំងពីតូច មកដល់ពេលបច្ចុប្បន្ន។
ខាងក្រោមនេះជាសារទាំងស្រុងរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ក្នុងបេសកកម្មផ្លូវការនៅក្រៅប្រទេស សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋកម្ពុជា ដោយពេញមុខពេញមាត់ លើឆាកអន្តរជាតិ។
ពិតណាស់ សម្តេចតំណាងប្រជាជាតិយើងដោយមោទនភាព ប៉ុន្តែក្នុងពេលតែមួយ លើសពីតួនាទីផ្លូវការ គឺក្នុងរូបថតមួយនេះ ក៏បានបង្ហាញកាយវិការ ភាពទន់ភ្លន់ សុជីវធម៌ និងការគោរពចាស់ទុំ ដែលបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរដ៏ប្រពៃ។
នេះ គឺជាទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏ជាអ្វីដែលពុកម៉ែបានអប់រំតាំងពីតូច មកដល់ពេលបច្ចុប្បន្ន។»
