មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានបញ្ជាក់ថា ដំណើរការចុះឈ្មោះបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ គឺបានប្រព្រឹត្តទៅដោយរលូន និងដោយទទួលបានជោគជ័យ ពោលគឺសន្ទុះរបស់យុវជនមានការផុសផុលយ៉ាងខ្លាំង។ ហើយរាជរដ្ឋាភិបាលមានមោទនភាពចំពោះការចូលរួមដោយស្ម័គ្រចិត្តរបស់យុវជន។

នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានថ្លែងប្រាប់ BTV ថា ដំណើរការចុះឈ្មោះបំពេញកាតព្វកិច្ចយោធា គឺបានប្រព្រឹត្តទៅដោយរលូន និងដោយទទួលបានជោគជ័យ និងមានមោទនភាពដែលមានយុវជនបានស្ម័គ្រចិត្តដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាទាន់ពេលវេលា ពោលគឺសន្ទុះរបស់យុវជនមានការផុសផុលយ៉ាងខ្លាំង ហើយគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាមានមោទនភាពចំពោះទឹកចិត្តរបស់យុវជនផុសផុលមកដាក់ពាក្យសុំចូលបម្រើកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត មានមោទនភាពទាំងនៅក្នុងកងទ័ព រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ គឺមានមោទនភាពចំពោះការចូលរួមរបស់យុវជនយ៉ាងខ្លាំង។
សូមជម្រាបថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានចែកពាក្យចូលបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា” ធ្លាប់បានបញ្ជាក់ថា ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព។ ការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែកក្នុងការ បម្រើជាតិមាតុភូមិ។ ការចូលរួមហ្វឹកហាត់នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ៕ អត្ថបទ៖ វង្ស សុភាព











