នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះតាមរយៈបណ្ដាញសង្គម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារមួយដោយដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ»។
ខាងក្រោមជាសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ! កាលពីក្មេងខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឲ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះឃើញវាធ្វើមុខបែបឌឺ។ ក្រោយមកខ្ញុំតែងនិយាយថាអានេះ ធ្វើចរិត្តដូចឆ្កែបានជិះរទេះសម្រាប់មនុស្សណាដែលមានចរិត្តបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី ធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុកដែលខ្ញុំហៅ(អាគុក)មកចង្អុលបង្ហាញចំណុចបង្គោលលេខ៥២ដល់៥៩នៃ ព្រំកម្ពុជា-ថៃ ដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ទៅឲ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ ឈ្មោះវាអាគុកមួយនេះធ្វើចរិត្តដូចឆ្កែ បានជិះរទេះដោយស្នើសុំលើកលែងទោសឲ្យខ្លួនវាផងនិងឲ្យក្រុមវាផង។ ការសុំលើកលែងទោសមានន័យថាទទួលស្គាល់ថាខ្លួនមានទោសមែនទេអាគុក?
សំដីបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក។ »
គួររម្លឹកថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលើបណ្ដាញសង្គមដោយផ្ដល់ឱកាសមាស និងធានាសុវត្ថិភាព ក៏ដូចជាចំណាយផ្សេងៗ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ ខណៈលោក និងក្រុម ច្រើនតែចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។ ដោយ លោក អ៊ុំ សំអាន លើកអំពីករណីព្រំដែន កម្ពុជា-ថៃ ចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដោយចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិងអំណាច។
លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ សំអាន តាមរយៈអន្តរការីបានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នៅក្នុងលិខិតដែលប្រើឡូហ្គោរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានបង្ហាញពីចេតនាចង់ចូលរួមដោះស្រាយបញ្ហាជាតិ និងស្នើ សម្ដេចនាយករដ្ឋមន្ត្រី ធានាសុវត្តិភាព ទម្លាក់ចោលបទចោទ ព្រមទាំងលើកលែងទោសដល់ប្រតិភូបក្សប្រឆាំងរបស់លោក៕
