សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់​កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ ១សប្តាហ៍ នៅ ៣ប្រទេស

2026/10/18 11:48:34 am        134

នៅព្រលឹម ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមក​ដល់​ប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងផ្លែផ្កាជាឧត្តមប្រយោជន៍សម្រាប់ជាតិ ក្រោយពីបានបញ្ចប់ការអញ្ជើញដំណើរទស្សនកិច្ចបំពេញការងារក្រៅប្រទេស ​រយៈ​ពេល​មួយសប្តាហ៍នៅប្រទេសចំនួន៣ អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។លទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រយៈពេលមួយសប្តាហ៍រួមមាន៖

១៖ ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បាន​ចាកចេញពីកម្ពុជា ដើម្បីបំពេញ​ការងារនៅប្រទេសទាំង៣ ខាងលើនេះ កាលពីថ្ងៃទី១១ ខែ​តុលា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ បាន​ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយស​ពី​ លោក អ៊ីលហាំ អាលីយ៉េវ ប្រធានាធិបតីអាស៊ែបៃហ្សង់។ សម្តេចមហាបវរធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធាន​រដ្ឋសភា, ​លោក អាលី អាសាដូវ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងលោក Zakir Hasanov រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់។

បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែ​បៃ​ហ្សង់ ដែលរៀបចំឡើង ដើម្បីជំរុញការធ្វើធុរកិច្ចរវាងប្រទេសទាំងពីរ។ វេទិកានេះ មាន​ការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ប្រមាណជា៨០។

នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្រៅពីការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​ហើយ​នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA។ ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃវេទិកាតំបន់ដ៏សំខាន់មួយនេះ សម្តេចមហាបវរធិបតី បានសង្កត់​ធ្ងន់អំពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់ និងដោយស្មើភាពនូវគោលការណ៍នានា។ សម្ដេចមហាបវរធិបតី ក៏បានលើកឡើងអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់​ថា ជម្លោះនេះគួរត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី និងការសន្ទនា ស្របតាមច្បាប់​អន្តរ​ជាតិ ព្រមទាំងបានបញ្ជាក់ថា ព្រំដែន និងអធិបតេយ្យ មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬ​ការ​​បង្កើតស្ថានភាពថ្មីនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបប្រជុំទ្វេភាគីជាមួយ លោក សាឌៀរ ហ្សាប៉ារូវ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន, លោក ស្សាវខាត មីស្ស៊ីយូវយេវ ប្រធានាធិបតីអ៊ូសបេគីស្ថាន និងលោក អ៊ីសាក់ ហឺហ្សូក ប្រធានាធិបតីអ៊ីស្រាអែល ក៏ដូចជាជាមួយ អនុប្រធានរដ្ឋវៀតណាម រដ្ឋមន្ត្រីការ​បរទេស​របស់ចិន និងរុស្ស៊ី ដោយបានផ្លាស់ប្តូរទស្សនៈលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំណងក្នុងវិស័យឯកជន ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

២៖ ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េ៖

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមដំណើរ​ទស្សន​កិច្ចផ្លូវការនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដោយទទួលបានការស្វាគមន៍ និងប្រកបដោយដោយភាពកក់ក្តៅពីសំណាក់ លោក លោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ។ មេដឹកនាំទាំងពីរ បានកត់សម្គាល់ពីការវិវត្តន៍រីកចម្រើនដ៏ល្អប្រសើរនូវទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ លោកប្រធានាធិបតី បានចាត់ទុកកម្ពុជា គឺ​ជា​ដៃគូ​ដ៏​សំខាន់​មួយនៅអាស៊ីអាគ្នេយ៍។

មេដឹកនាំទាំងពីរ ក៏បានពិភាក្សា​អំពី​ពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិ​បត្តិការ​ក្នុងវិស័យការពារជាតិ ថាមពល ការអប់រំ និងវប្បធម៌។ ជាពិសេសការបន្តជំរុញការធ្វើ​ពា​ណិជ្ជ​​កម្មជាមួយគ្នាឱ្យបាន១ពាន់លានដុល្លារអាមេរិក។

មេដឹកនាំទាំងពីរ ក៏បានជជែកទៅដល់បញ្ហាតំបន់ និងពិភពលោក។ ពាក់ព័ន្ធជម្លោះ​ព្រំដែន​រវាងកម្ពុជា និងថៃ លោកប្រធានាធិបតីតួកគីយ៉េ បានអំពាវនាវឱ្យដោះស្រាយបញ្ហាដោយ​សន្តិ​វិធីផ្អែកទៅលើច្បាប់អន្តរជាតិ។ លោកប្រធានាធិបតី ប្រកាសបន្តជួយដល់ពលរដ្ឋរងផល​ប៉ះ​ពាល់ពីបញ្ហាជម្លោះនេះ។

នៅតួកគីយ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ច​កម្ពុជា​-តួកគីយ៉េ។ ក្នុងវេទិកាធុរកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពី​កំណើន​ពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ ដែលមានទំហំដល់ប្រមាណ ៤០០លានដុល្លារ​អាមេរិក នៅឆ្នាំ២០២៥ កើន ១៨ភាគរយធៀបនឹងឆ្នាំ២០២៤។

៣៖ ដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន៖

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដំណើរទស្សនកិច្ចរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់​លោក កាស៊ីម-យូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន។ សម្តេចមហាបវរធិបតី ក៏បានជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន លោក Olzhas Bektenov។

លោក តូកាយ៉េវ បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នឹងផ្តល់ថាមពលបន្ថែមដល់ទំនាក់ទំនងទ្វេភាគី និងបើកទូលាយនូវទស្សន​វិស័យ​ថ្មីៗ​សម្រាប់កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានចាត់ទុក​ដំណើរ​ទស្សនកិច្ចនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់ថា ​មិនធ្លាប់មាន​នាយក​រដ្ឋមន្ត្រីកម្ពុជាណាម្នាក់ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថានពីមុនមកនោះទេ។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើន។ ក្នុងនោះ លោក​ប្រធានាធិបតីកាហ្សាក់ស្ថាន ពលរដ្ឋកាហ្សាក់ស្ថាន មានអាកប្បកិរិយាល្អចំពោះកម្ពុជា ហើយ​ពលរដ្ឋកាហ្សាក់ស្ថានជាច្រើនចង់ទៅទស្សនាប្រទេសកម្ពុជា និងមើលឃើញភាព​ទាក់ទាញ​របស់កម្ពុជា លោកក៏បានអំពាវនាវឱ្យមានការពិភាក្សាអំពីការបង្កើតជើងហោះហើរត្រង់ រវាង​ប្រទេសទាំងពីរ និងការពង្រីកការផ្លាស់ប្តូរផ្នែកកិច្ចការមនុស្សធម៌។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចមហាបវរធិបតី បានឈានដល់ការផ្លាស់ប្តូរឯកសារអនុស្សារណៈយោគយល់គ្នាចំនួន៧រួមមាន៖

 ១៖ សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។

២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថលកាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម «បច្ចេកវិទ្យាព័ត៌មានជាតិ» ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។

៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។

៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលកាហ្សាក់ស្ថាន។

៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-​កា​ហ្សាក់​ស្ថាន រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងកីឡាកាហ្សាក់​ស្ថាន។

៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងព័ត៌មានកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ​វប្បធម៌និងវិចិត្រសិល្បៈ។

៧៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។

ក្នុងដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀត​ទទួល​ជួបប្រធានក្រុមហ៊ុនរបស់កាហ្សាក់ស្ថានចំនួនពីររួមមាន៖

១៖ ក្រុមហ៊ុន Daubay Production ដែលជាក្រុមហ៊ុនផលិតភាព​យន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការ​ផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។

២៖ ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ​ ដែលមាន​មូល​​ដ្ឋាន​នៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោល​ដៅ​ទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍​អន្តរ​ជាតិ ព្រមទាំងដៃគូក្នុង​វិស័យ​​ទេសចរណ៍៕

អត្ថបទដែលទាក់ទង

យុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
2026/10/18 01:04:11 pm        1
សហស្ថាបនិកក្រុមហ៊ុន Daubay​ Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
2026/10/18 12:33:12 pm        1
ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំ​ផ្តល់សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ជើង​ហោះ​ហើរ​រវាង​រដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ
2026/10/18 12:18:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជានេសាទនៅតំបន់ឆ្នេរ Michoacan របស់ម៉ិកស៊ិក ប្រឈមនឹងការមកដល់របស់ព្យុះសង្ឃរា Trudy

2026/10/18 01:29:04 pm
​UN ថា ភាគីសង្រ្គាមនៅស៊ូដង់ ពុំបានខិតទៅរកកិច្ចប្រជុំនោះទេ និងសូមជំរុញឲ្យបញ្ឈប់ការវាយប្រហារយានដ្រូន
2026/10/18 01:24:58 pm
​UN ជំរុញឲ្យជំនួយចូលដល់ស្រ្តីមានផ្ទៃពោះ ១៣.០០នាក់ នៅទីក្រុង Taiz របស់យេម៉ែន
2026/10/18 01:16:57 pm
​លោកស្រី Von der Leyen ៖ EU ​ស្នើសុំឲ្យទប់ស្កាត់ការនាំចូលពីវិស័យផ្សេងទៀតរបស់ចិន
2026/10/18 01:08:11 pm
​លោក Zelenskiy៖ ជំនួបត្រីភាគីជាមួយអាមេរិក និងរុស្ស៊ី អាចកើតឡើង អំឡុងជំនួប G20
2026/10/18 01:04:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/17 11:15:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/18 07:31:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/18 12:26:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm