អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានស្នើសុំ ឲ្យមានផែនការសន្តិភាពថ្មីដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិត ៦ឆ្នាំនៅប្រទេសយេមែន។ ពួកគេបានស្នើសុំឲ្យមានបទឈប់បាញ់ ណែនាំដោយអង្គការសហប្រជាជាតិ រវាងរដ្ឋាភិបាលយេមែនគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់។

ផែនការនេះដែរ រួមបញ្ចូលទាំងការបើកទំនាក់ទំនងផ្លូវអាកាស និងផ្លូវទឹកឡើងវិញ ហើយនឹងចាប់ផ្តើមកិច្ចចរចានយោបាយ។ ក្រុមឧទ្ទាមហ៊ូធីបាននិយាយថា ការផ្តល់ជូននេះមិនគ្រប់គ្រាន់ក្នុងការដកចេញការបិទច្រកអាកាស និងផ្លូវទឹកនោះទេ។ សំណើនេះដែរត្រូវបានប្រកាសឲ្យដឹង ដោយរដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន នៅរាជធានីរីយ៉ាដ។ ព្រះអង្គបានអំពាវនាវឲ្យក្រុមឧទ្ទាមហ៊ូធី ដែលគ្រប់គ្រងតំបន់ជាច្រើននៅយេមែនទទួលយកសំណើខាងលើ។ ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន មានបន្ទូលថា បទឈប់បាញ់នឹងចូលជាធរមាន នៅពេលណាដែលក្រុមឧទ្ទាមទទួលយកសំណើមួយនេះ។
រដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិរបស់យេមែន បានស្វាគមន៍ការផ្តល់ជូនផែនការថ្មី ប៉ុន្តែក្រុមឧទ្ទាមហ៊ូធីបាននិយាយថា គំនិតផ្ដួចផ្ដើមនេះគ្មានអ្វីថ្មីនោះទេ ហើយនឹងមិនអាចឈានដល់តម្រូវការរបស់ពួកគេ ឲ្យដកចេញការបិទផ្លូវអាកាសក្នុងរដ្ឋធានីសាណា និងទីក្រុងកំពង់ផែភាគខាងលិចហ៊ូដេដា។

លោក មហាម៉េដ អាប់ឌុលសាឡាម អ្នកចរចាសំខាន់របស់ក្រុមឧទ្ទាមហ៊ូធី បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងរំពឹងថា អារ៉ាប៊ីសាអ៊ូឌីតនឹងប្រកាសបញ្ចប់ការបិទច្រកកំពង់ផែ និងអាកាសយានដ្ឋាន ហើយនឹងគំនិតផ្ដួចផ្ដើមអនុញ្ញាតឲ្យចូលនាវា ១៤គ្រឿងដែលគ្រប់គ្រងដោយកងកម្លាំងចម្រុះ។ លោកបន្តថា ភាគីរបស់លោកនឹងបន្តនិយាយគ្នាជាមួយអារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋអាមេរិក និងប្រទេសសម្រុះសម្រួលអូម៉ង់ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពនៅយេមែន៕
អត្ថបទ៖ សារ៉ាត់