បន្ទាប់ពីគ្រងតំណែងកំពូលតារាង ២សប្ដាហ៍ជាប់គ្នា មុនសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រុម Team Flash KH ធ្លាក់មកឈរលេខរៀងទី៣ វិញហើយ ក្រោយភ្លាត់ចាញ់ក្នុងការប្រកួតទី៤ ទល់ក្រុម Valhalla ១-២ មុនយកឈ្នះលើក្រុម Galaxy Legends ដោយលទ្ធផល ២-០ នៃព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក MPL-Cambodia រដូវកាលទី១១ កាលពីចុងសប្ដាហ៍កន្លងទៅ។
ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ ឈ្នះ៤ និងចាញ់ ១ Team Flash KH ត្រូវបានចាត់ទុកជាក្រុមគ្រោះថ្នាក់មួយក្នុងរដូវកាលនេះ តែកីឡាករ ឈួន ផេងគង់ លើកឡើងថា ក្រុមខ្លួនផ្ដោតលើអនាគតជាងអតីតកាល ។ តែបែបនេះក្ដី រូបគេមើលឃើញក្រុមពិតជាមានប្រៀបបន្ដិច បន្ទាប់ពីការរៀបចំក្រុមបានល្អប្រសើរជាងរដូវកាលមុន ហើយពួកគេនឹងខំប្រឹងបន្ថែម ដើម្បីឈានទៅសម្រេចគោលដៅដណ្ដើមជើងឯក។

ទន្ទឹមជាមួយគ្នាលោក ភា សុក្រាម គ្រូបង្វឹកក្រុមកំពុងឡើងដៃដែលថា ទោះបីក្រុមកំពុងមានស្ថានភាពល្អប្រសើរយ៉ាងណា តែការខិតខំអភិវឌ្ឍន៍សមត្ថភាពរួមគ្នានៅតែបន្ដ ដ្បិតនៅសល់ការប្រកួតជាច្រើនទៀត ដែលសុទ្ធតែជាក្រុមខ្លាំង។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបណ្ដោះអាសន្ន ក្នុងតារាងចំណាត់ថ្នាក់ នៃព្រឹត្តិការណ៍ MPL-Cambodia រដូវកាលទី១១ ក្រោយបញ្ចប់វគ្គវិលជុំសន្សំពិន្ទុ សប្ដាហ៍ទី៣ គឺក្រុម Vigor Apex បានហក់ទៅឈរកំពូលតារាងបណ្ដោះអាសន្ន ជាមួយកំណត់ត្រាមិនចាញ់សោះ ពោលគឺឈ្នះ ៥ប្រកួតជាប់ៗគ្នា គ្រាដែលក្រុមការពារជើងឯក Pro E-Sports បានឈរលេខ២ មាន ៥ពិន្ទុស្មើក្រុមកំពូលតារាង ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ ៥ និងចាញ់ ១។
ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រុម Galaxy Legends បានធ្លាក់ចូលក្នុងតំបន់គ្រោះថ្នាក់ ដោយឈរលេខរៀងទី៧បណ្ដោះអាសន្ន ក្នុងចំណោម ១០ក្រុម ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ២ និងចាញ់ ៤ ។ លទ្ធផលនេះ ធ្វើឲ្យពួកគេប្រឈមនឹងការលំបាកក្នុងការប្រជែងកៅអីវគ្គ Playoffs ទោះបីពួកគេនៅសល់ ៣ប្រកួតក្នុងដៃទៀតក្ដី៕ អត្ថបទ លី ឈុនឡា






