បាល់ទាត់៖ ក្រុមបាល់ទាត់ Everton បានបញ្ចប់ការភ័យខ្លាចក្នុងរដូវកាលដ៏អាក្រក់របស់ខ្លួន ក្រោយវាយបកពីក្រោយ ២គ្រាប់រហូតយកឈ្នះ Crystal Palace ៣-២ វិញធានាបានកៅអីនៅក្របខណ្ឌកំពូល English Premier League រដូវកាលក្រោយ។

Everton ដែលដឹកនាំដោយ Frank Lampard នឹងបន្តរក្សាខ្លួននៅក្របខណ្ឌកំពូលអង់គ្លេសក្នុងរដូវកាលទី៦៨ របស់ខ្លួនទៀត តែក៏ត្រូវក្រុមភ្ញៀវបំភ័យដែរបន្ទាប់ពី Jean-Philippe Mateta និង Jordan Ayew ស៊ុតបានម្នាក់ ១គ្រាប់ឱ្យ Crystal Palace នាំមុខមុន ២គ្រាប់ក្នុងវគ្គទី១។ តែវគ្គទី២ ក្រោយលេងបាន ៩នាទីខ្សែការពារ Michael Keane ក៏តបបានមួយគ្រាប់វិញនៅនាទីទី៥៤ មុនពេលដែល Richarlison តាមស្មើ ២-២ នៅនាទីទី៧៥។ មិនត្រូវតែតាមស្មើ ខ្សែប្រយុទ្ធអង់គ្លេស Dominic Calvert-Lewin គឺជាអ្នកតែតសំរេចគ្រាប់បាល់ជ័យជំនះឱ្យ Everton ទទួលបាន ៣ពិន្ទុដ៏មានសារសំខាន់លើសអ្វីៗទាំងអស់ ក្នុងការរក្សាខ្លួននៅក្របខណ្ឌកំពូលរដូវកាលក្រោយ។

សូម្បីតែអ្នកគាំទ្រក៏មិនអាចទប់អារម្មណ៍ត្រេកអរបាន និងសប្បាយចិត្តដូចឈ្នះពាន ដោយនាំគ្នារត់ចូលទីលានអបអរជ័យជំនះជាមួយកីឡាករ។ ទិដ្ឋភាពនេះក៏បានធ្វើឱ្យ Everton នឹកឃើញពីអតីតកាលដែលធ្លាប់ប្រហោងពោះប៊ិះធ្លាក់ទៅក្របខណ្ឌទី២ ពីរលើកនៅឆ្នាំ១៩៩៤ និង ១៩៩៨។ Everton ក៏សង្ឃឹមថានឹងមិនមានរឿងនេះកើតឡើងម្តងទៀតដែរ បន្ទាប់ពីការវិនិយោគលើការទិញដូរកីឡាករ និងផ្លាស់ទៅកាន់កីឡដ្ឋានថ្មីនៅឆ្នាំ២០២៤។ ដោយឡែកលទ្ធផលផ្សេងទៀតយប់មិញ Chelsea ១-១ Leicester City នៅ Stamford Bridge និង Burnley ស្មើនៅទឹកដី Aston Villa មានន័យថា Leeds ធ្លាក់ទៅឈរតំបន់គ្រោះថ្នាក់រង់ចាំប្រកួតចុងក្រោយថ្ងៃអាទិត្យនេះ ដើម្បីអ៊ុតរវាង Leeds រឺ Burnley ដែលត្រូវកាត់ចោលទៅក្របខណ្ឌ League Championship៕
អត្ថបទ៖នាង សុភាវុធ