ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានប្រកាសជំហរយ៉ាងមុតមាំ និងការត្រៀមខ្លួនកាន់តែខ្ពស់ជាងសព្វដង ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series 2026 ជុំទី៣ ឬជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ ដែលគ្រោងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៧ ខណៈសហព័ន្ធនឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចូលរួមឲ្យបានគ្រប់ជុំ បន្ទាប់ពីជោគជ័យក្នុងការប្រកួតជុំទី១ ប្រចាំទ្វីបអឺរ៉ុប នៅប៊ុលហ្គារី និងជុំទី២ ប្រចាំទ្វីបអាមេរិក នៅសហរដ្ឋអាមេរិក កាលពីថ្មីៗ។

វីរៈកីឡាករ សាលី អ៊ូមើត បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដឹកនាំក្រុមម៉ូតូទឹកកម្ពុជា ត្រឡប់ពីប្រកួតជុំទី២ លើទឹកដីអាមេរិកថា ជុំទី១ និងជុំទី២ ក្រុមខ្លួនត្រៀមលក្ខណៈត្រឹម ១០០% តែសម្រាប់ជុំទី៣ លោកបានណែនាំសិស្សប្អូនត្រូវត្រៀមលក្ខណៈឲ្យបានកាន់តែខ្ពស់ ឬត្រៀម ១០០០% ហើយប្រើប្រាស់សមត្ថភាពពិត ដើម្បីប្រកួតប្រជែង និងបង្ហាញឲ្យពិភពលោកឃើញពីសមត្ថភាពរបស់ក្រុមកីឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។
ទន្ទឹមជាមួយគ្នា ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការចូលរួមឲ្យបានគ្រប់ជុំក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក ៣ទ្វីបនេះ ដោយសារស្ថានភាពបញ្ហាព្រំដែនជាមួយថៃ ឯកឧត្តមមានប្រសាសន៍ថា អ្វីៗរង់ចាំការអនុញ្ញាតពីរាជរដ្ឋាភិបាល ហើយសហព័ន្ធនឹងព្យាយាមស្នើសុំគោលការណ៍អនុញ្ញាតនេះ។

ជុំវិញដំណើរឆ្ពោះទៅការប្រកួតជុំផ្ដាច់ព្រ័ត្រនេះដែរ ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានសម្លឹងឃើញពីឱកាសវិជ្ជមានក្នុងការចូលរួមជុំទី៣ ដើម្បីបង្ហាញពីសក្ដានុពលរបស់កីឡាម៉ូតូទឹកកម្ពុជាផង ក៏ដូចជាបង្ហាញពីការឲ្យតម្លៃរបស់កម្ពុជាទៅកាន់ឆាកអន្ដរជាតិផង ហើយក៏ជាសារ និងបង្ហាញនូវភាពស្អាតស្អំរបស់កម្ពុជា តាមរយៈការទូតកីឡា ដែលនឹងមានក្រុមកីឡាមកបណ្ដាប្រទេសធំៗ រួមទាំងមហាអំណាចចូលរួមនេះផងដែរ។

គួរដឹងថា ការប្រកួតជុំទី៣ នៃព្រឹត្តិការណ៍ Jet Ski World Series 2026 គ្រោងរៀបចំចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ ដោយថៃ ត្រូវធ្វើម្ចាស់ផ្ទះ ក្នុងនាមប្រទេសតំណាងទ្វីបអាស៊ី បន្ទាប់ពីជុំទី១ ប្រចាំទ្វីបអឺរ៉ុប បានប្រកួតនៅប្រទេសប៊ុលហ្គារី កម្ពុជាដណ្ដើមបានមេដាយមាស ៥ និងប្រាក់ ២ និងការប្រកួតជុំទី២ ប្រចាំទ្វីបអាមេរិក នៅសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ក្រុមម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ២គ្រឿង៕ អត្ថបទ លី ឈុនឡា




