កូរ៉េខាងជើង៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលវីរុស Covid-19 ដែលប្រទេសនេះបានប្រកាសលើកដំបូង ខណៈមនុស្សមានរោគសញ្ញាគ្រុនក្ដៅបានកើនឡើងជាង 2លាននាក់។

យោងតាមសារព័ត៌មានរដ្ឋ KCNA បានឲ្យដឹងថា ប្រទេសឯកាមួយនេះបានរាយការណ៍ថា មានមនុស្សដែលមានរោគសញ្ញាគ្រុនក្ដៅជាង 263,370នាក់ និងមនុស្សស្លាប់ថ្មី 2នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនមនុស្សមានជំងឺគ្រុនក្ដៅហក់ឡើងដល់ជាង 2.24លាននាក់គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ រួមទាំងអ្នកស្លាប់សរុបចំនួន 65នាក់។ សារព័ត៌មាននេះពុំបានរាយការណ៍ទេថា តើករណីទាំងនោះបានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូរ៉ូណាឬ COVID-19 ឬអត់។ ទោះបីមានករណីឆ្លងច្រើនក្ដី តែកូរ៉េខាងជើងបាននិយាយថា ការងារស្រែចម្ការនៅតែបន្ត ចរន្តការងារនៅតាមរោងចក្រផ្សេងៗនៅតែដំណើរការតាមធម្មតា ហើយប្រទេសនេះគ្រោងរៀបចំពិធីបុណ្យសពអតីតឧត្ដមសេនីយ៍មួយរូបទៀតផង។
ការហក់ឡើងករណីឆ្លង និងកង្វះប្រភពវេជ្ជសាស្ត្រ និងវ៉ាក់សាំង បាននាំឲ្យទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ព្រមានពីផលវិបាកធ្ងន់ធ្ងរបំផុតសម្រាប់ប្រជាជនជាង 25លាននាក់របស់ប្រទេសកូរ៉េខាងជើង ខណៈដែលក្រុមមន្ត្រីអង្គការសុខភាពពិភពលោកបង្ហាញការព្រួយបារម្ភថា ការឆ្លងរាលដាលដោយគ្មានការទប់ស្កាត់អាចហក់ឡើង រហូតមានវីរុសបម្លែងខ្លួនថ្មីៗគ្រោះថ្នាក់ជាងនេះទៀត៕
អត្ថបទ៖ សុខមាន