ក្រោយទទួលបានជ័យជម្នះជាបន្ដបន្ទាប់ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ តែក្រុមភ្នំពេញក្រោន នៅមិនទាន់ស្គាល់ជ័យជម្នះក្នុងការចាប់ផ្ដើមរដូវកាលថ្មី នៃលីគកំពូលកម្ពុជាឡើយ ក្រោយឆ្លងកាត់ ៣ប្រកួតស្មើទាំង ៣ប្រកួត បន្ទាប់ពីរកបាន ១ពិន្ទុទាំងលំបាកពីក្រុមភ្ញៀវឡាយហ្វខេត្តព្រះសីហនុ ក្នុងជំនួបសប្ដាហ៍ទី៤ នៅថ្ងៃទី១៩ ខែតុលាដើមសប្ដាហ៍នេះ។
ក្នុងនាមក្រុមជោគជ័យជាងគេក្នុងលីគ ហើយកំពុងធ្វើបានល្អក្នុងពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី ការមិនទាន់ស្គាល់ជ័យជម្នះក្នុងលីគកំពូលកម្ពុជានេះ ពិតជារឿងគួរឲ្យចាប់អារម្មណ៍ និងផ្ដល់នូវការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកគាំទ្រ ពិសេសស្ទើរតែរបូត ៣ពិន្ទុក្នុងដី ក្រោមថ្វីជើងក្រុមឡាយហ្វខេត្តព្រះសីហនុ ថែមទៀត។
ជំនួបដ៏តានតឹងលើទឹកដីភ្នំពេញក្រោនេះ ក្រុមម្ចាស់ផ្ទះ បានខាងបង់សមាជិកម្នាក់ គឺកីឡាករ Callum Michael Timmins ដែលរងពិន័យកាតក្រហមនៅចុងវគ្គទី១ មុនបញ្ចប់ការប្រកួត ៤៥នាទីដំបូង ដោយលទ្ធផលស្មើគ្នា ០-០។ ចូលវគ្គទី២ ក្រុមទាំងពីរ នៅតែព្យាយាមវាយបកគ្នាទៅវិញទៅមក ហើយនៅនាទី៧៧ កីឡាករ Bruno Ernandes បានរកគ្រាប់បាល់នាំមុខឲ្យឡាយហ្វខេត្តព្រះសីហនុ ១គ្រាប់មុន តែឱកាសស្គាល់ជ័យជម្នះលើកដំបូងនេះ ត្រូវបានបញ្ចប់វិញ ដោយកីឡាករ Daniel Bares នៅនាទី៩០+៩។
ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យភ្នំពេញក្រោន ឈរលេខរៀងទី៧ បណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុ បន្ទាប់ពីស្មើ ៣ប្រកួតជាប់គ្នា គ្រាដែលឡាយហ្វខេត្តព្រះសីហនុ ទើបរកបានពិន្ទុដំបូង បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតស្មើ១ និងចាញ់ ២ ឈរលេខរៀងទី១០ មាន ១ពិន្ទុស្មើក្រុមបឹងកេត ដែលឈរលេខរៀងទី៩ លើក្រុមកងយោធពលខេមរភូមិន្ទ ឈរបាតតារាងមិនទាន់មានពិន្ទុរាប់ឡើយ តែបើធៀបក្រុមកំពូលតារារាង ហាក់ចាញ់ប្រៀបច្រើន ដ្បិតវិសាខា រកបាន ១២ពិន្ទុពេញ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា៕ អត្ថបទ លី ឈុនឡា




