នគរបាលនៅថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ បាននិងកំពុងពន្លឿនកិច្ចការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋ ដែលជាឯកសារស្នូលបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ខណៈដែលការចុះឈ្មោះបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះឆ្នាំ២០២៦បាននិងកំពុងប្រព្រឹត្តទៅ។

នៅប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅថ្ងៃទី២០ ខែតុលា នេះ កម្លាំងនគរបាលបានបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានលឿនរហ័ស ទាំងការធ្វើ និងផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក៏ដូចជាសៀវភៅស្នាក់នៅជាដើម ស្របពេលដែលឯកសារទាំងនេះ ជាឯកសារស្នូលសម្រាប់ការចុះឈ្មោះថ្មី ក៏ដូចជាការធ្វើបច្ចុប្បន្នភាពទន្និន័យបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៦នេះ ។

លោក ហ៊ុត ចំណាន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ បានឱ្យដឹងថា អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសក្រោមការដឹកនាំអនុវត្តដោយលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា តែងតែតម្រង់ទិសឲ្យមន្ត្រី ត្រូវគិតពីតម្រូវការចាំបាច់របស់ពលរដ្ឋ ពិសេសរាល់ការអញ្ជើញមកធ្វើសេវា គឺត្រូវចាំបាច់បំពេញនីតិវិធីជូនពួកគាត់ឲ្យបានត្រឹមត្រូវ និងលឿនរហ័ស ហើយពេលឯកសារធ្លាក់ចុះមកវិញ ក៏ចាំបាច់ទាក់ទងយកជូនពលរដ្ឋឲ្យបានលឿនរហ័សវិញផងដែរ ដើម្បីពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ ។

ពលរដ្ឋ អរគុណនគរបាលមូលដ្ឋាន ដែលជួយពន្លឿនការធ្វើអត្តសញ្ញាណបណ្ណបានលឿន ព្រោះអត្តសញ្ញាណបណ្ណ ជាឯកសារគោលតែមួយគត់ ដែលបង្ហាញពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ហើយវាក៏សំខាន់ក្នុងការចុះឈ្មោះ ពិនិត្យឈ្មោះ និងត្រៀមសម្រាប់ការចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ខាងមុខផងដែរ ។

គួរជម្រាបថា ពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៥ឆ្នាំឡើង អាចទៅស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបានហើយ ខណៈដែលអ្នកដែលបាត់ ឬផុតសុពលភាព ក៏ចាំបាច់ឲ្យពួកគេទៅស្នើសុំបន្ត ឬធ្វើថ្មីឡើងវិញ នៅតាមប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ៕ អត្ថបទ៖ លីហេង



