ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅព្រឹកថ្ងៃទី២0 ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្រ្តី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ដែលបានរីកចម្រើនក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ខណៈដែលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០២៦នេះ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីមធ្យោបាយនានា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិ-ឧស្សាហកម្ម ការដឹកជញ្ជូន និងភស្តុភារកម្ម អប់រំ ទេសចរណ៍ ការបោសសម្អាតមីន និងទំនាក់ទំនងប្រជាជន និងប្រជាជន។
ក្រសួងការបរទេសបានបញ្ចាក់ថា ភាគីទាំងពីរក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវេទិកាពហុភាគីនានា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក ដោយផ្អែកលើគោលការណ៍ពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។
បន្ទាប់ពីជំនួបទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ បានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួនពីរ ដូចខាងក្រោម៖
១) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋក្រូអាស៊ី ស្តីពីការលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និង២) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិត្យសភាការទូត នៃក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី៕ អត្ថបទ៖ វង្ស សុភាព


