ស្នូកឃ័រ៖ ជើងឯកស្នូកឃ័រពិភពលោក ៦សម័យ Ronnie O'Sullivan បានយកឈ្នះកីឡាករស្កុតឡេន John Higgins ដើម្បីកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ នៃព្រឹត្តិការណ៍ Tour Championship។ ការប្រកួតនៅ Celtic Manor Resort ប្រទេសវែល O'Sullivan ដែលចាញ់ Higgins នៅ Players Championship កាលពីខែមុននោះ ក៏សងសឹកបានសំរេចវិញក្នុងលទ្ធផល ១០-៨ហ្វ្រេមម។

O'Sullivan ចាប់ផ្តើមដោយនាំមុខក្នុងដំណាក់កាលដំបូង ៥-៣ហ្វ្រេម មុនពេលដែលឈានដល់ដំណាក់កាលទី២ ក្រោយសម្រាក Higgins នៅតែបន្តដេញពីក្រោយ ២ហ្វ្រេមដដែលក្នុងលទ្ធផល ៧-៥ហ្វ្រេម។ ក្រោយមក Higgins ក៏បានយកឈ្នះបាន ១ហ្វ្រេម មុនពេលដែល O'Sullivan ធ្វើបាន Century Break លើកទី ១១០០ ក្នុងអាជីព និងបន្តយកឈ្នះហ្វ្រេមបន្តបន្ទាប់ក្នុងលទ្ធផលចុងក្រោយ ១០-៨ហ្វ្រេម។
ការប្រកួត Tour Championship នឹងបន្តនៅថ្ងៃអង្គារនេះដោយរួមមាន Neil Robertson ជួប Jack Lisowski, Mark Selby ជួប Kyron Wilson និង Judd Trump ជួប Barry Hawkins។ សូមបញ្ជាក់ថា ការប្រកួតស្នូកឃ័រ Tour Championship ជាការប្រកួតដែលមានកីឡាករចូលរួមតែ ៨នាក់ប៉ុណ្ណោះ ដែលមានចំណាត់ថ្នាក់ពិភពលោកកំពូលទាំង ៨នាក់៕
អត្ថបទ៖នាង សុភាវុធ