ភ្នំពេញ៖ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ កំពុងរស់នៅនិងបន្តការសិក្សានៅអឺរ៉ុប បានបន្តបង្ហាញនូវការសប្បាយរីករាយ ស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញទៅប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក រយៈពេលជិត១សប្ដាហ៍ ។
ក្នុងវីដេអូឃ្លីបផ្សេងៗគ្នាដែលបានបង្ហោះនៅលើបណ្តាញសង្គម ប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅអឺរ៉ុប បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយ នៅពេលទទួលដំណឹងថា សម្ដេចតេជោ គ្រោងធ្វើទស្សនកិច្ចនៅទ្វីបអឺរ៉ុប និងជួបសំណេះសំណាលជាមួយពលរដ្ឋរស់នៅទីនោះ ដោយពួកគាត់បានបញ្ជាក់ថា នឹងទៅទទួលសម្ដេចប្រកបដោយក្តីត្រេកអរ និងសេចក្តីគោរពស្រឡាញ់ ។
ពលរដ្ឋខ្មែរទាំងនោះ បន្តថា ការទៅទទួលសម្ដេចតេជោនេះ មិនមែនជាការជួញដូរ ឬជាការបង្ខិតបង្ខំអ្វីនោះទេ គឺទៅដោយសេចក្តីស្រឡាញ់ ព្រោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលនូវសុខសន្តិភាពពេញលេញ រួមទាំងមានការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដោយពួកគាត់ចាត់ទុកថា សម្ដេចតេជោ គឺជាបិតាសន្តិភាព ។
កាលពីថ្ងៃទី ១៩ ខែឧសភា សម្តេចតេជោ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា នៅម៉ោង១និង៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ ឧសភា២០២២ សម្តេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ វេទិកានេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ហើយក៏មានការពិភាក្សាជាក្រុម ស្តីពីបទពិសោធន៍អាស៊ាន ខណៈដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀតជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនខ្មែរ ដែលរស់នៅទីនោះជាច្រើនពាន់នាក់ផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ