រយៈពេលពេញមួយឆ្នាំ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានចាប់ផ្តើមប្រតិបត្តិការ និងការប្រារព្ធពិធីសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពសង់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សមិទ្ធផលលំដាប់ថ្នាក់ពិភពលោកនេះបានដើរតួនាទីយ៉ាងសំខាន់ជានិមិត្តរូបនៃវឌ្ឍនភាពជាតិ និងជាបេះដូងថ្មី ដែល កំពុងជំរុញសន្ទុះសេដ្ឋកិច្ច និងទេសចរណ៍ជាតិយ៉ាងរស់រវើក។

លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦កន្លងទៅ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ និងសិរីមង្គល ដើម្បីអបអរសាទរខួបមួយឆ្នាំនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ បានមានប្រសាសន៍ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលមួយក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគម្រោងនេះទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល បានក្លាយជាសមិទ្ធផលដ៏សំខាន់មួយនៃការវិនិយោគក្នុងស្រុក និងសមត្ថភាពរបស់កូនខ្មែរ ខណៈអាកាសយានដ្ឋាននេះបានបើកដំណើរការអស់រយៈពេលមួយឆ្នាំ ដោយឆ្លងកាត់បញ្ហាប្រឈមជាបន្តបន្ទាប់ និងបន្តដំណើរការទទួលបានលទ្ធផលជាវិជ្ជមាន។
លោកឧកញ៉ា បានចាត់ទុកការបើកដំណើរការអាកាសយានដ្ឋាននេះ និងការគ្រប់គ្រងប្រតិបត្តិការក្នុងរយៈពេលមួយឆ្នាំដំបូងថា ជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់កូនខ្មែរ និងការវិនិយោគរបស់វិនិយោគិនខ្មែរលើគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ៏សំខាន់មួយនេះ។ លោកបន្តថា ការឈានដល់ខួបមួយឆ្នាំក្នុងពេលនេះ គឺជាឱកាសសម្រាប់វាយតម្លៃលើការអភិវឌ្ឍ និងសមត្ថភាពប្រតិបត្តិការរបស់គម្រោង ព្រមទាំងការត្រៀមខ្លួនសម្រាប់ការរីកចម្រើនបន្ថែមទៀតក្នុងវិស័យអាកាសចរណ៍ និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។
លោកឧញ៉ា បានបញ្ជាក់ថា ទោះបីស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលក៏ដោយ ក៏ក្រុមហ៊ុនមិនបោះបង់ការខិតខំប្រឹងប្រែងដែរ ដោយបន្តសហការគ្នាក្រោមការដឹកនាំរបស់អាជ្ញាធរអាកាសចរស៊ីវិល និងថ្នាក់ដឹកនាំក្រុមហ៊ុន។ ថ្នាក់ដឹកនាំនៅតែបន្តផ្តល់ការគាំទ្រ និងបញ្ចូលទុនជាបន្តបន្ទាប់ ដើម្បីធានាឱ្យប្រតិបត្តិការរបស់អាកាសយានដ្ឋានអាចបន្តដំណើរការបាន ទោះបីជាក្រុមហ៊ុនប្រឈមនឹងការខាតបង់ក៏ដោយ។ លោកឧញ៉ាបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនត្រូវគ្រប់គ្រងប្រតិបត្តិការដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងហានិភ័យ និងធានានិរន្តរភាពនៃការដំណើរការអាកាសយានដ្ឋាន។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២ ៦០០ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដែលត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតក្នុង វិស័យអាកាសចរណ៍។ អាកាសយានដ្ឋានដ៏ទំនើបនេះមានសមត្ថភាពអាចទទួលចុះចតនូវប្រភេទយន្តហោះខ្នាតយក្សឆ្លងទ្វីប ដូចជា Airbus A380-800 និង Boeing 747-800 ជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី






