ម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុក បង្ហាញនូវមោនទភាព លើការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងការជួយដល់កសិករជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ខណៈផលិតផលរបស់ពួកគាត់កំពុងទទួលបានការគាំទ្រនៅលើទីផ្សារ។

ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផលិត ការវេចខ្ចប់ និងការលក់ ផលិតផលលើទីផ្សារ នេះថា ការបង្កើតនូវអាជីវកម្ម ផលិត និងវេចខ្ចប់ផលិតផលចាប់ពីមួយ ឬទៅច្រើនមុខ គឺជាដំណើរការមួយដែលទាមទារក្នុងការខិតខំប្រឹងប្រែង ផ្នែកបច្ចេកទេសផ្ទៃក្នុង និងការគាំទ្រពីកត្តាខាងក្រៅ ដើម្បីធានាបាននូវនិរន្តរភាព ក្នុងនោះការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម និងថ្លៃដើម មានសារៈសំខាន់ណាស់ ដើម្បីជំរុញការផលិតឱ្យមានផលិតភាពខ្ពស់ និងគណនាថ្លៃដើមឱ្យបានហ្មត់ចត់ ដើម្បីកំណត់តម្លៃលក់មួយដែលសមស្រប អាចប្រកួតប្រជែងបាន និងមានប្រាក់ចំណេញ។

ម្ចាស់សិប្បកម្មទាំងនេះលើកឡើងស្រដៀងគ្នាថា តាមរយៈនៃការខិតខំពង្រឹងសមត្ថភាព និងផលិតភាពនេះ ទើបធ្វើឱ្យអាជីវកម្ម របស់ពួកគាត់បានដំណើរ នៅលើដំណើរការផលិត និងវេចខ្ចប់ សម្រាប់លក់លើទីផ្សារប្រព្រឹត្តិទៅដោយរលូន ដែលតាមរយៈនេះ ទោះបីអាជីវកម្មរបស់ពួកគាត់មិនទាន់មានការរីកចម្រើនខ្លាំង ក៏ពួកគាត់បានកំពុងចូលរួមចំណែកផ្គត់ផ្គង់ផលិតផលលើទីផ្សារឱ្យកាន់តែសម្បូរបែប ការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ និងការចូលរួមគាំទ្រដល់កសិករដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមមកឱ្យពួកគាត់ផងដែរ។

ទាក់ទិន SME នេះដែរ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រំពឹងថា នៅពេលខាងមុខសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងមានការរីកចម្រើនកាន់តែខ្លាំង ខណៈរាជរដ្ឋាភិបាលបានកំពុងជួយជ្រោមជ្រែងដល់ SME ក្នុងស្រុក។ បញ្ហា នេះដែរ ឧកញ៉ាបណ្ឌិតក៏បានអំពាវនាវដល់ម្ចាស់សហគ្រាស និងសិប្បកម្មទាំងអស់ត្រូវពង្រឹងខ្លួនថែមទៀត ជាពិសេសចាប់យកប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ជាដំណោះស្រាយក្នុងអាជីវកម្មបន្ថែម។
សូមបញ្ជាក់ថា ជុំវិញ SME ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យបង្កើតស្តីពីការបង្កើតលេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ផ្នែកតាមដាននិងត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងកាត់បន្ថយភាពស្មុគស្មាញផ្នែករដ្ឋបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញការរីកចម្រើនរបស់សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី



