បាល់ទាត់៖ អាជ្ញាកណ្តាលបាល់ទាត់ជាស្ត្រីនឹងដឹកនាំការប្រកួតបុរស FIFA World Cup ឆ្នាំនេះនៅទឹកដីកាតា ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ អាជ្ញាកណ្តាលសញ្ជាតិបារាំងលោកស្រី Stephanie Frappart, អាជ្ញាកណ្តាលសញ្ជាតិរ្វ៉ាន់ដាលោកស្រី Salima Mukansanga និងអាជ្ញាកណ្តាលសញ្ជាតិជប៉ុនលោកស្រី Yoshimi Yamashita ត្រូវបានជ្រើសរើសសំរាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ។
ជាមួយគ្នានោះដែរក៏នឹងមានជំនួយការអាជ្ញាកណ្តាលជាស្ត្រី ៣រូបផ្សេងទៀតផងដែរ។ ដោយឡែកអាជ្ញាកណ្តាលនៅ Premier League ត្រូវបានជ្រើសរើសចំនួន ២រូបរួមមានលោក Michael Oliver និង Anthony Taylor។ លោក Taylor បានទទួលបានការកោតសរសើរខ្លាំង ចំពោះការសំរេចចិត្តលឿនៗក្នុងការជួយសង្គ្រោះ Christian Eriksen ដែលដួលសន្លប់អំឡូងការប្រកួត Euro 2020 រវាងដាណឺម៉ាក និងហ្វាំងឡង់។ សរុបអាជ្ញាកណ្តាលដែលបញ្ជាការប្រកួតនៅលើទីលាននៅ World Cup 2022 នៅទឹកដីកាតាឆ្នាំនេះមានចំនួន ៣៦រូប, ជំនួយការអាជ្ញាកណ្តាល ៦៩រូប និងមន្ត្រីពិនិត្យ VAR ២៤រូប៕
អត្ថបទ៖នាង សុភាវុធ