ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ នឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយកាលពីថ្មីៗ។

សម្រាប់កម្មវិធីប្រកួតជើងទី១ នារសៀលថ្ងៃពុធនេះ រួមមានក្រុមបាល់ទាត់ខេត្តកោះកុង ត្រូវបើកទ្វារផ្ទះទទួលក្រុមបាត់ដំបងយូណាយធីត នៅទីលានវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស តេជោ សែន កោះកុង និងក្រុមសមាគមបាល់ទាត់ខេត្តព្រះសីហនុ ជួបក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នៅទីលាន អនុវិទ្យាល័យ សម្ដេចឪ។
ចំពោះប្រវត្តិមុនឡើងមកដល់វគ្គដ៏សំខាន់នេះ ខេត្តកោះកុង បានយកឈ្នះខេត្តបន្ទាយមានជ័យ ៣-២ ខណៈបាត់ដំបងយូណាយធីត បានយកឈ្នះខេត្តស្ទឹងត្រែង ៩-២ នៅវគ្គ ៨ក្រុមចុងក្រោយ ស្របពេលខេត្តព្រះសីហនុ បានវាយបកឈ្នះខេត្តកណ្ដាល ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ បន្ទាប់ពីប្រកួត ២ជើងស្មើគ្នា ៥-៥ និងខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្តកំពង់ស្ពឺ ១៥-៣។
នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមនីមួយៗ ពិសេសក្រុមម្ចាស់ផ្ទះ មុនឈានដល់ការប្រកួតជើងទី២ នៅក្រៅដី។ ដូច្នេះក្រោយជំនួបថ្ងៃនេះ ការប្រកួតទាំង ២គូ នឹងត្រូវផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីប្រកួតកាត់សេចក្ដី នាថ្ងៃទី២៨ ខែតុលខាងមុខ ដើម្បីកំណត់ក្រុមទទួលបានជ័យជម្នះជាផ្លូវការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះតែម្ដង៕ អត្ថបទ លី ឈុនឡា
