ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមកំពូលតារាង វិសាខា នាថ្ងៃទី២៤ ខែតុលាចុងសប្ដាហ៍នេះ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលជាជំនួបដ៏ធំប្រចាំសប្ដាហ៍ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រផងដែរ ខណៈត្រឹមរយៈពេលខ្លី សំបុត្រចូលទស្សនាការប្រកួតនេះ ត្រូវបានក្លិបប្រកាសលក់អស់គ្មានសល់។
យោងតាមក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ត្រឹមរយៈពេលជាង ៤ម៉ោង បន្ទាប់ពីក្លិបបានផ្សព្វផ្សាយពីរបៀបទិញសំបុត្រតាម App ឬ Online កាលពីរសៀលថ្ងៃអង្គារកន្លងទៅ ប់សំបុត្រធម្មតាប្រភេទA ដែលមានតម្លៃ ៦,០០០រៀល និងB មានតម្លៃ ៤,០០រៀល ត្រូវបានប្រកាសលក់អស់គ្មានសល់ ហើយនៅល្ងាចថ្ងៃដដែល សំបុត្រ VIP ទស្សនានៅតំបន់ពិសេស អមម៉ាស៊ីនត្រជាក់ និងអាហារ ភេសជ្ជៈជាច្រើន ក៏ត្រូវបានលក់អស់ បន្ទាប់ពីបើកលក់ត្រឹមរយៈពេលកន្លះម៉ោង។
នេះជាកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងប្រវត្តិលីគកំពូលកម្ពុជា ដែលសំបុត្រទស្សនាការប្រកួតត្រូវបានលក់អស់លឿនបែបនេះ។ ផ្អែកលើបរិមាណកីឡដ្ឋានស្វាយរៀង ដែលអាចផ្ទុយអ្នកទស្សនាបានជាង ៧ពាន់នាក់ គេជឿជាក់ថា ជំនួបដ៏ធំប្រចាំសប្ដាហ៍ រវាងព្រះខ័នរាជស្វាយរៀង និងវិសាខា នាចុងសប្ដាហ៍នេះ នឹងមានអ្នកគាំទ្រពេញកីឡដ្ឋាន ហើយមានអ្នកគាំទ្ររាប់ម៉ឺននាក់ទៀត នឹងតាមដានជំនួបដ៏ជក់ចិត្តរវាងក្រុមមិនទាន់ស្គាល់ចាញ់ទាំងពីរ។
ជាការពិតជំនួបរវាងក្រុមទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដ្បិតរដូវកាលនេះ វិសាខា កំពុងធ្វើបានល្អ ស្របពេលព្រះខ័នរាជស្វាយរៀង ក៏បានពង្រឹងក្រុមកាន់តែខ្លាំង ដើម្បីត្រៀមការពារជើងឯកលីគផង និងប្រកួតប្រជែងពានរង្វាន់អន្ដរជាតិចំនួន ២ ផង គឺពានជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27។
គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ វិសាខា កំពុងឈរកំពូលតារាង ដោយរកបាន ១២ពិន្ទុពេញ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា គ្រាដែលព្រះខ័នរាជស្វាយរៀង ឈរលេខរៀងទី២ រកបាន ១០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតដូចគ្នា ឈ្នះ ៣ និងស្មើ១ ។ ដូច្នេះចាំមើលក្រោយជំនួបថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ តើក្រុមណានឹងត្រូវគ្រងកំពូលតារាងលីគ សប្ដាហ៍ទី៥?៕ អត្ថបទ លី ឈុនឡា
