ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្តើមដំណើរការឃោសនាគណបក្សរបស់ខ្លួននៅទូទាំងប្រទេស។
ខណ:ថ្ងៃដែលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នឹងចូលមកដល់នៅថ្ងៃស្អែក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងស្ថាប័ន តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា គិតមកទល់ពេលនេះ មានគណបក្សចំនួន១៧ បានស្នើដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ខណៈគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត កំពុងពិនិត្យអំពីការស្នើសុំ និងរៀបចំតម្រាយផ្លូវសម្រាប់គណបក្សនយោបាយហែរក្បួនឃោសនា។
ជុំវិញការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងឃោសនាបោះឆ្នោង ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងធានាដល់សន្តិសុខ និងសុវត្ថិភាពដល់ឃោសនិករបស់គណបក្សនយោបាយនីមួយៗ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ នឹងត្រៀមអន្តរាគមន៍សម្របសម្រួលគ្រប់ពេលវេលា។
ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕អត្ថបទ សេក ឧត្តម