កំពង់ស្ពឺ៖ ស្ករត្នោតកម្ពុជានាំចេញទៅកាន់ប្រទេសក្នុងសហគមន៍អឺរ៉ុប បានកំពុងហក់ឡើងខ្ពស់ជាងគេ ហើយរំពឹងថា ចំនួននៃការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប នឹងហក់ឡើងខ្ពស់បន្ថែមទៀត ខណៈបច្ចុប្បន្នទីផ្សារនៃប្រទេសទាំងនោះកំពុងចាប់រម្មណ៍ និងមានការគាំទ្រស្ករត្នោតកម្ពុជាយ៉ាងខ្លាំង។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពី បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការផលិត និងការនាំចេញស្ករត្នោតខេត្តកំពង់ស្ពឺថា ទាក់ទង់ការផលិតស្ករត្នោតរបស់សមាជិកសមាគម នៅក្នុងឆ្នាំ ២០២២ នេះ តាមគម្រោងផែនការសមាគម គ្រោងផលិតស្ករត្នោតឲ្យបានក្នុងរង្វង់ ៨០ ទៅ ១០០ តោន តែដោយឆ្នាំនេះ អាកាសធាតុមិនអំណោយផល ការផលិតស្ករត្នោត ប្រមូលទិន្នផលបានក្នុងរង្វង់ប្រមាណ ៧០ តោនប៉ុណ្ណោះ។
លោក បន្តថា ទោះបីទិន្នផលឆ្នាំនេះបានធ្លាក់ចុះ តែចំពោះតម្លៃទីផ្សារវិញ បានហក់កើនប្រមាណ ៧ ២០០ រៀល ក្នុងមួយគីឡូក្រាម គឺជាចំនួនមួយបានហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ, ដែលហក់ឡើងនេះបង្ហាញឲ្យឃើញថា ទីផ្សារការនាំចេញស្កត្នោតកំពុងមានការគាំទ្រ ជាក់ស្តែងការនាំចេញទីផ្សារនៅសហគមអឺរ៉ុប បានកំពុងមានតម្រូវការខ្ពស់ ដោយយើងរំពឹងថា ទៅពេលខាងមុខ ទីផ្សារអឺរ៉ុបនឹងស្រូបយកទីផ្សារស្ករត្នោតពីកម្ពុជាកាន់តែច្រើន ព្រោះផលិតផលស្ករត្នោតជាផលិតមួយ ពិសារមិនប៉ះពាល់ដល់សុខភាព ជាពិសេសការកាត់បន្ថយរោគទឹកនោមផ្អែមជាដើម។
លោក សំ សារឿន បានថ្លែងឲ្យដឹងថា ជុំវិញទីផ្សារនាំចេញស្ករត្នោតខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានក្រុមហ៊ុននាំចេញទៅកាន់ទីផ្សារចំនួន ១៥ ប្រទេស រួមមាន ការនាំចេញស្ករសាច់ និងស្ករម៉្សៅម៉ត់ ដែលទីផ្សារនៃប្រទេសទាំងនោះកំពុងមានតម្រូវការខ្ពស់។
ដោយឡែកទាក់ទងសមាជិករបស់សមាគមដែលផលិតស្ករត្នោតវិញ សមាជិកអ្នកផលិតស្ករត្នោតចំណាយពេលវេលាត្រឹម ៣ ខែ ប៉ុណ្ណោះ គឺពួកគាត់អាចរកចំណូលបានប្រមាណជាង ៥ ពាន់ដុល្លារអាមេរិក ដែលជាចំណូលមូល ធ្វើឲ្យជីវភាពពួកគេរស់នៅសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី
