អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយធំចំនួន 40ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថារបស់លោកដែលបានចេញផ្សាយភ្លាមៗ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភាថា វាគឺជាការបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការរួមចំណែកចាំបាច់ដល់ការការពារសេរីភាពរួមរបស់យើង។

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តយ៉ាងលើសលប់នូវការផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចចំនួន 40ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ បន្ថែមលើជំនួយនេះ សហរដ្ឋអាមេរិកបានប្រកាសពីការបញ្ជូនជំនួយយោធាចំនួន 100លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ដាច់ដោយឡែកពីអ្វីដែលចេញមកពីជំនួយ 40ពាន់លានដុល្លារដែលត្រូវបានអនុម័ត។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា សម្ភារនឹងស្ថិតនៅក្នុងដៃរបស់កងកម្លាំងអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ ជាមួយនឹងការដឹកជញ្ជូនថ្មីនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាជិត 4ពាន់លានដុល្លារចាប់តាំងពីថ្ងៃទី24 ខែកុម្ភៈ និង 6.6ពាន់លានដុល្លារចាប់តាំងពីឆ្នាំ2014 នៅពេលដែលរុស្ស៊ីបានដណ្តើម និងដាក់បញ្ចូលជាឧបសម្ព័ន្ធឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន។
លោក Kirby បាននិយាយថា សហរដ្ឋអាមេរិកនឹងពិភាក្សាជាមួយអ៊ុយក្រែន ដូចដែលមានជាញឹកញាប់ចាប់តាំងពីការវាយលុក អំពីអ្វីដែលខ្លួនត្រូវការទាក់ទងនឹងឧបករណ៍។ លោក Kirby ក៏បានទទួលសំនួរដែលចោទសួរអំពីការព្រួយបារម្ភផ្នែកសន្តិសុខ ជុំវិញការបើកស្ថានទូតសហរដ្ឋអាមេរិកឡើងវិញនៅក្នុងទីក្រុងគីវ។ លោកនិយាយថា យើងរីករាយដែលឃើញការចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅក្នុងទីក្រុងគីវ។ យើងយល់ស្របជាមួយពួកគេថា នោះជាការផ្លាស់ប្តូរដ៏សំខាន់ ហើយប្រសិនបើមានអ្វីមួយដែលក្រសួងការពារជាតិអាមេរិក អាចធ្វើដើម្បីជួយពួកគេក្នុងការងារការទូត យើងនឹងមានការសន្ទនាជាមួយពួកគេ៕
អត្ថបទ៖ ប៊ុនថន