ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០ នៅសុខាភ្នំពេញ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យមមិនមែនទើបចាប់ផ្ដើមនៅពេលនេះទេ, រាជរដ្ឋាភិបាលអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានកសាងមូលដ្ឋានសន្ដិភាព ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធក្របខណ្ឌច្បាប់ និងបរិយាកាសធុរកិច្ច ដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាសក្នុងស្រុករីកចម្រើន តភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យឯកជន។ ខណៈយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានមូលដ្ឋានអាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣ ៦៧០ មូលដ្ឋាន ដែល ៦០ ៥០៣ ជាសហគ្រាសធុនតូច និងមធ្យម។ MSMEs ផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ២,៩៨ លាននាក់ ក្នុងនោះស្ត្រីមានជាង ១,៨៤ លាននាក់ ស្មើនឹងជាង ៦០% នៃកម្លាំងពលកម្មសរុប។ MSMEs ត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០% នៃការងារក្រៅវិស័យកសិកម្ម។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក MSMEs បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ ជាពិសេស MSMEs និងសិប្បកម្មជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងការកែច្នៃផលិតផលកសិកម្ម ការផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ សិប្បកម្ម វប្បធម៌ និងសេវាកម្ម ដែលបានបង្កើតតម្លៃបន្ថែម និងឱកាសការងារនៅក្នុងស្រុក។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងវិស័យហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានបង្កើតយន្តការពិសេសជាច្រើន ដើម្បីគាំទ្រ MSMEs។ គិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព រួមមានការកែច្នៃ កសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានបន្តផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ដើម្បីពង្រឹងយន្តការស្ថាប័នសម្រាប់ការអភិវឌ្ឍ MSMEs រាជរដ្ឋាភិបាលបានរៀបចំក្របខណ្ឌសម្រាប់បង្កើត អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលសរសេរជាអក្សរកាត់ថា «អ.ស.ត.ម.»។ អង្គភាពនេះដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលដល់ការស្នើសុំចុះបញ្ជី ការផ្តល់ ឬការបន្តអាជ្ញាបណ្ណ និង/ឫលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមយន្តការសម្របសម្រួលរបស់ អ.ស.ត.ម.។ ក្នុងន័យគោលនយោបាយ អ.ស.ត.ម. ជាយន្តការសម្របសម្រួលអន្តរស្ថាប័ន ការតាមដានការអនុវត្ត និងការដោះស្រាយបញ្ហាអន្តរវិស័យ ដើម្បីកាត់បន្ថយការអនុវត្តបែកខ្ញែក ឬត្រួតគ្នា និងធានាឱ្យកម្មវិធីគាំទ្រ SMEs ស្របតាមអាទិភាពជាតិ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ដើម្បីពង្រឹងយន្តការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍMSMEs រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦ បានដាក់ចេញ អនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម សំដៅបង្កើតយន្តការអន្តរក្រសួងសម្រាប់តម្រង់ទិស សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងMSMEs ឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដើម្បីជួយសម្រួលដល់វិស័យ MSMEs រាជរដ្ឋាភិបាលក៏កំពុងពន្លឿនសកម្មភាព និងការដាក់ចេញយន្តការអន្តរក្រសួង ដើម្បីសម្រួចការងារឱ្យបានលឿនជួយដល់ការងារវិស័យ MSMEs ខណៈក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងអនុវត្តមុនលើផលិតផលសាប៊ូ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ប្រទេសកម្ពុជា កំពុងឃើញសញ្ញាវិជ្ជមាននៃការកើនឡើងសមត្ថភាពផលិតក្នុងស្រុក ខណៈក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ យើងមានផលិតផលក្នុងស្រុកប្រមាណ ២៦០០មុខ បានចុះបញ្ជីផលិតផលក្នុងក្រសួងឧស្សាហកម្ម ដោយកើនឡើងប្រមាណ ១១០០មុខផលិតផល បើប្រៀបធៀប ៩ខែឆ្នាំ២០២៥ ដែលមានប្រមាណ ១៥០០ មុខផលិតផល។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្ដល់អាទិភាពលើផលិតផលខ្មែរដែលមានគុណភាព។ សម្ដេចថ្លែងថា ការគាំទ្រផលិតផលក្នុងស្រុក មិនមែនត្រឹមតែគាំទ្រដល់ម្ចាស់សហគ្រាសផលិតផលនោះទេ ប៉ុន្ដែជួយរក្សាការងារ បង្កើនចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការជំរុញសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ខណៈក្នុងបរិបទនៃការប្រកួតប្រជែងសកល និងការប្រែប្រួលអាកាសធាតុ កម្ពុជាត្រូវរៀបចំខ្លួនឱ្យបានទាន់គេតាមរយៈការផ្លាស់ប្ដូរគំរូធុរកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ដោយត្រូវលើកទឹកចិត្ត និងគាំទ្របច្ចេកទេសទៅដល់ MSMEs ក្នុងការអនុវត្តគោលនយោបាយផលិតកម្មស្អាត ការសន្សំសំចៃថាមពល ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចចក្រា និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា ការអនុវត្តនូវស្ដងដារបរិស្ថានមិនត្រឹមតែជួយការពារភបផែនដី និងសុខភាពប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាសំបុត្រឆ្លងដែន ឬប៉ាស្ព័រដ៏មានឥទ្ធិពលក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗដែលកំពុងទាមទារឱ្យមានការអនុលោមភាពតាមស្ដងដារបរិស្ថាន សង្គម និងអភិបាលកិច្ចយ៉ាងតឹងរឹងបំផុតផងដែរ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចមិនចូលចិត្តឆ្លើយឆ្លងជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនោះទេ ប៉ុន្ដែមូលហេតុដែលសម្ដេចសម្រេចចិត្តឆ្លើយតប ពីព្រោះក្រុមជ្រុលនិយមដែលមានលោក អ៊ុ សំអាន បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានកាត់ដីឱ្យថៃ ដែលរឿងនេះ គឺជារឿងធំ រាជរដ្ឋាភិបាលមិនអាចទទួលយកបាននោះទេ គឺត្រូវតែបំភ្លឺឱ្យបានច្បាស់។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«នរណាមិនព្រួយបារម្ភរឿងទឹកដី ខ្មែរទាំងអស់ មិនថាបក្សណាទេ គឺព្រួយបារម្ភរឿងទឹកដី ចំណែករាជរដ្ឋាភិបាលមិនត្រឹមតែព្រួយបារម្ភប៉ុណ្ណោះទេ ប៉ុន្ដែនឹងទទួលខុសត្រូវចំពោះមុខ ដោះស្រាយឱ្យបានចប់ ការពារឱ្យបាន ការពារជីវិត ការពារទឹកដីឱ្យបាន។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា ក្រុមអង្កការចាត់តាំង មានចរិតនយោបាយ នៅក្រៅស្រុក បានបំភ្លៃហើយបំភ្លៃទៀត ដើម្បីតែកេងចំណេញនយោបាយ សុខចិត្តវ៉ៃបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងឱ្យប្រជាជន មានមន្ទិលសង្ស័យ ឱ្យមានបញ្ហាការគិតគូរលែងមូលគ្នា ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែតាំងព្យាយាមដោះស្រាយបញ្ហាដោយទទួលខុសត្រូវ។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា សម្ដេចមិនចង់ផ្ចាញ់ផ្ចាលអីជាមួយលោក អ៊ុ សំអាន ឬក្រុមគាត់នោះទេ, យើងចង់បានតែមូលមតិគ្នាទាំងអស់ ផ្ដល់ភាពទុកចិត្តឱ្យរដ្ឋាភិបាល កុំអាល័យចោទគ្នា កាត់ដីចុះឡើងៗ! ទុកអាហ្នឹងចាំពេលចប់ដោះកន្លែងណាអីផ្សេងៗហើយទៅមើលទៅ យើងអត់ខ្លាចទេ ព្រោះអាហ្នឹងវានៅលើដីប្រជាជនទៅមើលបានតើ, តែឥឡូវវាមិនទាន់ចប់យើងនៅតវ៉ាកន្លែងណាដែលត្រូវតវ៉ា។ តែជាអកុសល លោក អ៊ុ សំអាន និងក្រុមគាត់ តាំងខ្លួនធ្វើជាអ្នកជំនាញព្រំដែន ខណៈមន្រ្ដីជំនាញកិច្ចការព្រំដែនកម្ពុជាមិនដែលដើរលើកផែនទីបង្ហាញគេទេ តែក្រុមលោក អ៊ុ សំអាន លើកបង្ហាញតាមហ្វេសប៊ុករាល់ថ្ងៃ។
- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ទី១ សុំឱ្យព្រះមហាក្សត្រលើកលែងទោស! វាមិនដែល បង្កើតទោសរាប់មិនអស់ប្រឆាំងរដ្ឋាភិបាលធ្វើអីខុសច្បាប់ ហើយចុងក្រោយចង់លើកលែងទោសដោយសារជេរដ្ឋាភិបាលក្បត់ជាតិ, ចង់ឱ្យគេលើកលែងទោសជេរគេបន្ថែម។ បង្កើតរឿងជាប់បទចោទផ្សេងៗរឿងមួយ ប៉ុន្ដែឥឡូវចង់រួចខ្លួនមិនត្រឹមតែមិនមកសូមទោសសុំអីទេ បែរជាទៅបង្កើតលក្ខណ្ឌចោទរដ្ឋាភិបាលក្បត់ជាតិទៅវិញ «វ៉ៃគេមួយដៃហើយ ចង់ត្រូវគ្នាដាក់គេមួយស្បែកជើងទៀត» ហើយសុំឱ្យគេស្មើគ្នា អត់ទេ។ ទីពីរបើថាខ្ញុំឱ្យលោក អ៊ុ សំអាន (រួចទោស) អីចឹងអ្នកផ្សេងមិនចប់ទេ ចង់រួចខ្លួនបង្កើតរឿង ចោទនេះ ចោទនោះ គឺអត់ទេ អត់មានទេ។















