ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាពេលនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យមមិនមែនទើបចាប់ផ្ដើមនៅពេលនេះទេ, រាជរដ្ឋាភិបាលអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានកសាងមូលដ្ឋានសន្ដិភាព ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធក្របខណ្ឌច្បាប់ និងបរិយាកាសធុរកិច្ច ដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាសក្នុងស្រុករីកចម្រើន តភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យឯកជន។ ខណៈយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានមូលដ្ឋានអាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣ ៦៧០ មូលដ្ឋាន ដែល ៦០ ៥០៣ ជាសហគ្រាសធុនតូច និងមធ្យម។ MSMEs ផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ២,៩៨ លាននាក់ ក្នុងនោះស្ត្រីមានជាង ១,៨៤ លាននាក់ ស្មើនឹងជាង ៦០% នៃកម្លាំងពលកម្មសរុប។ MSMEs ត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០% នៃការងារក្រៅវិស័យកសិកម្ម។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក MSMEs បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ ជាពិសេស MSMEs និងសិប្បកម្មជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងការកែច្នៃផលិតផលកសិកម្ម ការផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ សិប្បកម្ម វប្បធម៌ និងសេវាកម្ម ដែលបានបង្កើតតម្លៃបន្ថែម និងឱកាសការងារនៅក្នុងស្រុក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុងវិស័យហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានបង្កើតយន្តការពិសេសជាច្រើន ដើម្បីគាំទ្រ MSMEs។ គិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព រួមមានការកែច្នៃ កសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) បានបន្តផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ដើម្បីពង្រឹងយន្តការស្ថាប័នសម្រាប់ការអភិវឌ្ឍ MSMEs រាជរដ្ឋាភិបាលបានរៀបចំក្របខណ្ឌសម្រាប់បង្កើត អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលសរសេរជាអក្សរកាត់ថា «អ.ស.ត.ម.»។ អង្គភាពនេះដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលដល់ការស្នើសុំចុះបញ្ជី ការផ្តល់ ឬការបន្តអាជ្ញាបណ្ណ និង/ឫលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមយន្តការសម្របសម្រួលរបស់ អ.ស.ត.ម.។ ក្នុងន័យគោលនយោបាយ អ.ស.ត.ម. ជាយន្តការសម្របសម្រួលអន្តរស្ថាប័ន ការតាមដានការអនុវត្ត និងការដោះស្រាយបញ្ហាអន្តរវិស័យ ដើម្បីកាត់បន្ថយការអនុវត្តបែកខ្ញែក ឬត្រួតគ្នា និងធានាឱ្យកម្មវិធីគាំទ្រ SMEs ស្របតាមអាទិភាពជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ដើម្បីពង្រឹងយន្តការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍMSMEs រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៦ បានដាក់ចេញ អនុក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម សំដៅបង្កើតយន្តការអន្តរក្រសួងសម្រាប់តម្រង់ទិស សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងMSMEs ឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដើម្បីជួយសម្រួលដល់វិស័យ MSMEs រាជរដ្ឋាភិបាលក៏កំពុងពន្លឿនសកម្មភាព និងការដាក់ចេញយន្តការអន្តរក្រសួង ដើម្បីសម្រួចការងារឱ្យបានលឿនជួយដល់ការងារវិស័យ MSMEs ខណៈក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងអនុវត្តមុនលើផលិតផលសាប៊ូ។
សូមបញ្ជាក់ថា ក្នុងបរិបទដែលកម្ពុជាកំពុងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនផលិតភាព និងត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាការងារចាំបាច់។ ជាក់ស្តែងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាមូលដ្ឋានដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញសហគ្រិនភាព និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់ជាអាទិភាពមួយក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ការធ្វើនិយ័តកម្មសហគ្រាស ការបង្កើនផលិតភាព ការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រឹងគុណភាព និងស្តង់ដារ ការទទួលបានហិរញ្ញប្បទាន និងការពង្រីកទីផ្សារ។












