សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ ដោយលទ្ធផល ៣-២ ក្នុងជំំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ ថ្នាក់ខេត្ត តែជ័យជម្នះនេះ ហាក់មិនសូវសប្បាយចិត្តសម្រាប់ក្រុមការងារគ្រូឡើយ ស្របពេលព្រះសីហនុ មិនរំពឹងសំណាងនៅជើងទី២ ប៉ុន្ដែប្ដេជ្ញាពង្រឹងក្រុមដើម្បីទទួលបានលទ្ធផលល្អត្រឡប់មកវិញ។

ក្នុងជំនួបដ៏តានតឹងនៅទីលាន អនុវិទ្យាល័យ សម្ដេចឪ កាលពីល្ងាចថ្ងៃពុធកន្លងទៅ កីឡាករ សារី តៃម៉ូ បានរកគ្រាប់នាំមុខឲ្យត្បូងឃ្មុំ ១គ្រាប់មុន តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី១៩ មុនកីឡាករ ឆន ចាន់តុលា រកបានគ្រាប់តាមស្មើឲ្យព្រះសីហនុវិញ នៅនាទី៤៥+២ ។ ចូលវគ្គទី២ កាន់តែជក់ចិត្ត បន្ទាប់ពីកីឡាករ ជា ណាវីន រកបាន ២គ្រាប់បន្ថែមឲ្យត្បូងឃ្មុំ នៅនាទី៧៣ និងនាទី៩០+២ ក្រុមម្ចាស់ផ្ទះក៏ព្យាយាមវាយបកបាន ១គ្រាប់វិញដែរ ដោយកីឡាករ ជា យូ នៅនាទី៩០+៨។

ក្រោយជ័យជម្នះទាំងប្រផិតប្រផើយនេះ លោក ផន រស្មីពេជ្រ គ្រូជំនួយខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រុមខ្លួនឈ្នះមែនទេ តែកូនក្រុមធ្វើមិនសូវបានល្អ ហើយក្រុមការងារគ្រូ ក៏មិនសូវសប្បាយចិត្តដែរ។ យ៉ាងណាលោកទទួលស្គាល់ខេត្តព្រះសីហនុ លេងដោយឆន្ទៈ ទោះបីផ្ដោតការពារខ្លាំង ហើយជ័យជម្នះនេះ ក៏មិនទាន់រំពឹងខ្ពស់ក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រដែរ ដ្បិតព្រះសីហនុ ជាក្រុមសំណាង ជាក់ស្ដែងដូចកាលជួបខេត្តកណ្ដាល ចាញ់ជើងទី១ តែវាយបកឈ្នះជើងទី២។ ដូច្នេះលោករំពឹងកូនក្រុមនឹងធ្វើបានកាន់តែល្អនៅជើងទី២។
ដោយឡែកគ្រូបង្គោលខេត្តព្រះសីហនុ លោក វ៉ា សេត បានទទួលស្គាល់ពីភាពខ្លាំងរបស់ខេត្តត្បូងឃ្មុំ ដែលប្រជុំដោយកីឡាករល្អៗ ធ្លាប់លេងនៅលីគ ។ សម្រាប់ជើងទី២ លោកមិនរំពឹងលើសំណាងដូចកាលវគ្គ ៨ក្រុមចុងក្រោយនោះទេ ។ អ្វីដែលសំខាន់ គឺក្រុមត្រូវផ្ដោតលើការរៀបចំ និងត្រៀមបានល្អ ដើម្បីទទួលបានលទ្ធផលល្អប្រសើរវិញ ទោះបីត្រូវលេងក្រៅដីក្ដី។
គួរដឹងថា សម្រាប់ជើងទី២ រវាងក្រុមទាំងពីរ គឺសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រូវបើកទ្វារទទួលខេត្តព្រះសីហនុវិញម្ដង នាថ្ងៃទី២៨ ខែតុលាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា
