ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់សហគ្រាស និងអាជីវកម្មគ្រប់ប្រភេទ សូមនាំគ្នាចាប់យកបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ទោះក្នុងជំហានតិចតួចក្តី ច្រើនក្តី ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា យុទ្ធសាស្ត្រដែលដាក់ចេញនៅថ្ងៃនេះ បានបង្កើតនូវក្របខ័ណ្ឌគោលនយោបាយ និងយន្តការសំខាន់ៗ សម្រាប់គាំទ្រការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ ប៉ុន្តែឯកសារល្អ ក្របខ័ណ្ឌល្អ និងយន្តការល្អ នឹងមានតម្លៃពេញលេញ លុះត្រាតែត្រូវបានបំប្លែងទៅជាការអនុវត្តជាក់ស្តែង និងលទ្ធផលដែលម្ចាស់សហគ្រាសអាចមើលឃើញ និងទទួលបានផលប្រយោជន៍ពិតប្រាកដ។ ដូច្នេះសម្តេចធិបតី បានណែនាំឱ្យជំរុញការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ បច្ចេកវិទ្យាឌីជីថលមិនមែនជា ជម្រើសទៀតទេ តែជាការរស់រានមានជីវិតរបស់អាជីវកម្ម។
សម្ដេចបានថ្លែងថា ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គណៈកម្មាធិការធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវសហការគ្នាបន្តលើកកម្ពស់ការយល់ដឹង និងជួយគាំទ្រ ផ្នែកបច្ចេកទេសដើម្បីឱ្យ MSMEs កម្ពុជាអាចចាប់ យក បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការគ្រប់គ្រងអាជីវកម្ម។ សម្ដេចក៏បានណែនាំឱ្យពង្រីក ការប្រើប្រាស់ទីផ្សារអេឡិចត្រូនិក (E-commerce) ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល និងការ តាមដាន គុណភាពផលិតផល ទន្ទឹមនឹងការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) តាមរយៈ ការត ភ្ជាប់ រវាងគ្រឹះស្ថានអប់រំ វិទ្យាស្ថានស្រាវជ្រាវជាមួយនឹងសហគ្រាស ដើម្បីបង្កើតផលិតផលថ្មីៗរួមទាំងការវេចខ្ចប់ ប្រកបដោយសោភណភាព ភាពច្នៃប្រឌិត និងមានតម្លៃបន្ថែមខ្ពស់។
សូមជម្រាបថា ផ្តើមចេញពីសមិទ្ធផល និងបទពិសោធន៍កន្លងមក ព្រមទាំងការមើលឃើញច្បាស់នូវបញ្ហាជារចនាសម្ព័ន្ធដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែបន្តជួបប្រទះ ដូចជាភាពស្មុគស្មាញនៃក្របខ័ណ្ឌគតិយុត្ត ផលិតភាព និងសមត្ថភាពប្រកួតប្រជែងនៅមានកម្រិត ការចាប់យកបច្ចេកវិទ្យានៅមិនទាន់ទូលំទូលាយ និងការតភ្ជាប់ទៅនឹងទីផ្សារ និងខ្សែច្រវាក់តម្លៃនៅមានកម្រិត រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំសម្របសម្រួលការរៀបចំ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ យុទ្ធសាស្ត្រនេះទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ និងត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ។ យុទ្ធសាស្ត្រថ្មីនេះគឺជាការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងកន្លងមក ទៅកាន់ដំណាក់កាលថ្មីមួយ ដោយមានចក្ខុវិស័យច្បាស់លាស់ គឺជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ ដែលនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា៕










