សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចាត់ទុកការចោទរបស់លោក អ៊ុ សំអាន ចំពោះរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធដីព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ កំពុងស្រាតខោឱ្យពលរដ្ឋបានឃើញថា លោក អ៊ុ សំអាន ចោទរាជរដ្ឋាភិបាល ទាំងខ្លួនមិនមានភស្តុតាងច្បាស់លាស់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចមិនចូលចិត្តឆ្លើយឆ្លងជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនោះទេ ប៉ុន្ដែមូលហេតុដែលសម្ដេចសម្រេចចិត្តឆ្លើយតប ពីព្រោះក្រុមជ្រុលនិយមដែលមានលោក អ៊ុ សំអាន បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានកាត់ដៃឱ្យថៃ ដែលរឿងនេះគឺជារឿងធំ រាជរដ្ឋាភិបាលមិនអាចទទួលយកបាននោះទេ គឺត្រូវតែបំភ្លឺឱ្យបានច្បាស់។
សម្ដេចធិបតី ថ្លែងថា៖«នរណាមិនព្រួយបារម្ភរឿងទឹកដី ខ្មែរទាំងអស់ មិនថាបក្សណាទេ គឺព្រួយបារម្ភរឿងទឹកដី ចំណែករាជរដ្ឋាភិបាលមិនត្រឹមតែព្រួយបារម្ភប៉ុណ្ណោះទេ ប៉ុន្ដែនឹងទទួលខុសត្រូវចំពោះមុខ ដោះស្រាយឱ្យបានចប់ ការពារឱ្យបាន ការពារជីវិត ការពារទឹកដីឱ្យបាន»។
សម្ដេចធិបតីថ្លែងថា ប៉ុន្ដែក្រុមអង្កការចាត់តាំង មានចរិតនយោបាយ នៅក្រៅស្រុក បានបំភ្លៃហើយបំភ្លៃទៀត ដើម្បីតែកេងចំណេញនយោបាយ សុខចិត្តវ៉ៃបំបែកបំបាក់ផ្ទៃក្នុងខ្លួនឯងឱ្យប្រជាជនមានមន្ទិលសង្ស័យ ឱ្យមានបញ្ហាការគិតគូរលែងមូលគ្នា ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែតាំងព្យាយាមដោះស្រាយបញ្ហាដោយទទួលខុសត្រូវ។
សូមបញ្ជាក់ថា សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានស្វាគមន៍ចំពោះការការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុ សំអាន ទៅនឹងការអញ្ជើញរបស់សម្ដេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ៕










